(សៀមរាប)៖ តំណាងប្រជាពលរដ្ឋចំនួន២៦៥គ្រួសារ ដែលរស់នៅក្នុងភូមិអន្លង់ពីរ និងភូមិភ្នំដី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបចំ ដាក់ពាក្យស្នើសុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយដោះស្រាយបញ្ហាដល់ពួកគាត់ ដែលកំពុងរងផលប៉ះពាល់ពីក្លិនសំរាម និងផលប៉ះពាល់ ផ្សេងទៀត នៃទីលានចាក់សំរាមរបស់ក្រុមហ៊ុន កាអ៊ា។

យោងតាមលិខិតគោរពជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទីទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ និងដែលមានស្នាមផ្ដិតមេដៃផងនោះ បាន រៀបរាប់ថា «យើងខ្ញុំទាំងអស់គ្នាមានកិត្តិយសសូម អនុញ្ញាតិដ៏ខ្ពង់ខ្ពស់គោរពជម្រាប សម្ដេចមេត្តាជ្រាប៖ អស់រយៈពេលជាច្រើនឆ្នាំមក ហើយដែលយើងខ្ញុំទាំង អស់គ្នា រងការលំបាកក្នុងការរស់នៅ ដែលដើមហេតុបណ្ដាលមកពីទីលានចាក់សំរាមរបស់ក្រុមហ៊ុនមួយដែលដឹកសំរាម ពីក្រុងសៀមរាប មកចាក់ក្បែរភូមិ របស់ពួកគាត់បណ្ដាលឲ្យជះក្លិនស្អុយដល់ផ្ទះរបស់ពួកគាត់ ព្រមជាមួយរុយជាច្រើន រោម និងទុំដល់ក្នុងផ្ទះពួកគាត់ផងដែរ មិនតែប៉ុណ្ណោះក៏មានទឹកហូរ ចេញពីរណ្តៅសំរាម ចូលក្នុងស្រែធ្វើឲ្យខូចស្រូវ ព្រោះតែភ្លូកនិងស្មោក»

នៅក្នុងលិខិតនោះបានបន្ថែមថា «បញ្ហានេះ យើងខ្ញុំធ្លាប់បានធ្វើសំណូមពរ ជូនអភិបាលស្រុក អភិបាលខេត្ត និងធ្លាប់បានឡើកសំណូមពរ ក្នុងវេទិកាសាធារណៈ រួចមកហើយដែរ ហើយក៏ធ្លាប់បានឃើញមន្ត្រីជំនាញខ្លះចុះពិនិត្យ រួចមកហើយដែរ។ ហើយក្រុមហ៊ុនចាក់សំរាមនេះ ក៏បានបង្ហាញលទ្ធផលសិក្សានិងវិធានការផ្សេងៗ ក្នុងការកាត់បន្ថយក្លិនស្អុយ ទប់និង បង្វែរទឹកមិនឲ្យហូរចូលស្រែ ប៉ុន្ដែមកដល់សព្វថ្ងៃនេះ ពួកគាត់ជាពលរដ្ឋនៅតែរងក្លិនស្អុយ និងរុយតែដដែលទេ»

ជាការឆ្លើយតប ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន តាមផ្លូវចូលចាក់សំរាមបានលើកឡើងថា៖ ពួកគាត់រស់នៅក្នុងសភាពគ្មានអនាម័យ និងផាសុខភាពបែបនេះជាង ១០ឆ្នាំហើយ ហើយក៏មិនទាន់មានដំណោះស្រាយសមស្របណាមួយជូនពួកគាត់ក៏ទេដែរ។ តែពួកគាត់ក៏មិនបានរំខានដល់ការរាំងស្ទះ ឬបិទផ្លូវមិនឲ្យមានការដឹក សំរាមចូល ទីលានចាក់សំរាមនេះដែរ ព្រោះមិនចង់ឲ្យមានការកកស្ទះ និងការទុកសំរាមចោលយូរ នៅឯក្រុងទេសចរណ៍សៀមរាប។ តែពួកគាត់ជាពលរដ្ឋ ក៏ដូចជា មួយអាជ្ញាធរមូលដ្ឋានបានព្យាយាមធ្វើសុំណូមពរជូនក្រុមហ៊ុន និងថ្នាក់លើជាបន្តបន្ទាប់ នៅមិនទាន់ទទួលបានដំណោះស្រាយ ឬការឆ្លើយតបនៅឡើយ។ កន្លងទៅពួកគាត់ គ្រាន់តែបាននាំគ្នា ពូនដីធ្វើជាទួលកាត់ទទឹងផ្លូវខ្លះៗ ដើម្បីកុំឲ្យរថយន្ដដឹកសំរាម និងរថយន្ដដឹកដី បើកបរក្នុងល្បឿនលឿនពេក តែប៉ុណ្ណោះ។ តែចំពោះ សត្វរុយដ៏មហាមេរោគយ៉ាងច្រើន និងក្លិនដ៏សម្អុយពីគំនរសំរាម បានមករំខានការរស់នៅរបស់ពួកគាត់ ជាប្រចាំស្ទើរតែ២៤ម៉ោង លើ ២៤ម៉ោង ទៅហើយ ហើយក្លិន ដ៏ស្អុយពីសំរាម ដែលមានចម្ងាយមិនបាន១ពាន់ម៉ែត្រនេះ ក៏បានចោលក្លិនមកដល់អ្នកដំណើរ នៅតាមផ្លូវជាតិលេខ៦ ដែលបានឆ្លងកាត់តំបន់នោះផងដែរ។

លិខិតក៏បានបញ្ជាក់ទៀតថា ពួកគាត់ ជាប្រជាពលរដ្ឋ មិនមានជំនឿ ទុកចិត្តលើមធ្យោបាយរបស់ក្រុមហ៊ុន ដែលបានបង្ហាញថា ធ្វើរបៀបនេះ ឬ របៀបនោះ ដើម្បីកាត់បន្ថយក្លិនស្អុយ និងបំបាត់រុយនោះទេ។ ដោយហេតុនោះហើយ ទើបពួកគាត់សុំអនុញ្ញាតិ និងសុំរំខានពេលវេលាដ៏មានតម្លៃបំផុតរបស់សម្ដេច ក្នុងការមេត្តាជួយអន្តរាគមន៍ ឲ្យទីលានចាក់សំរាមនេះផ្លាស់ប្ដូរទៅកន្លែងផ្សេង ដើម្បីឲ្យការរស់នៅរបស់ពួកគាត់ បានសុខស្រួលជាធម្មតា ដូចអ្នកភូមិដទៃ និងមានសភាពដូចមុនពេលមានទីលានចាក់សំរាមនៅទីនេះ។ សេចក្ដីដូចបានគោរពរៀបរាប់ ជម្រាបជូនខាងលើ សូមសម្ដេចមេត្តាទទួលជ្រាប និងជួយសម្រួល ដោះស្រាយដល់ពួកគាត់ដោយសេចក្ដីអនុគ្រោះ។

ចំពោះមន្រ្តីពីសាលាខេត្តសៀមរាបម្នាក់ បានប្រាប់ភ្នាក់ងារ Fresh News ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ក្នុងពេលថ្មីនេះ និងកន្លងទៅលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានស្វះស្វែងរកអ្នកវិនិយោគគ្រប់គ្រង កែច្នៃសំរាមនេះ។

ជាក់ស្ដែងក្នុងកំឡុងប៉ុន្មានខែនេះ មានទាំងក្រុមហ៊ុន និងស្ថាប័ន ដែលមានបទពិសោធន៍ខ្ពស់លើការគ្រប់គ្រងចាត់ចែង និងកែច្នៃសំរាមពីអាមេរិក ចិន ជប៉ុន អឺរ៉ុប បានមកជួបពិភាក្សាសិក្សាស្វែងយល់ និងមានបំណង ក្នុងការវិនិយោគលើការគ្រប់គ្រង កែច្នៃសំរាម នៅសៀមរាប នេះផងដែរ៕