(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានគូសបង្ហាញថា មានព្រៃឈើមួយចំនួនត្រូវបានកាប់ ទន្ទ្រានយកផ្ទៃដី ដើម្បីបង្កបង្កើនផល និង តាំងទីលំនៅរបស់​ប្រជាពលរដ្ឋ។ លោករដ្ឋមន្រ្តី ចង់ឲ្យប្រជាពលរដ្ឋផ្លាស់ប្តូរសកម្មភាពពីការផ្លាស់ប្តូរទីលំនៅនាំដល់ការកាប់ទន្រ្ទានព្រៃឈើនេះ ទៅជាការបង្កើនផលិត​ភាពកសិកម្មនៅក្នុងភូមិឋានជំនួសវិញ។

ការថ្លែងចង់ឲ្យប្រជាពលរដ្ឋផ្លាស់ប្តូរសកម្មភាពពីការផ្លាស់ប្តូរទីលំនៅ មកបង្កើនផលិតកសិកម្មនៅតាមទីកន្លែងរស់នៅប្រចាំថ្ងៃនេះ បាន ធ្វើឡើងក្នុងកិច្ចសំណេះសំណាលមួយរវាងលោករដ្ឋមន្រ្តី វេង សាខុន ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានរដ្ឋបាលព្រៃ ឈើនាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ។ លោករដ្ឋមន្រ្តី បានរំពឹងថា ការបង្កើនផលិតភាពកសិកម្មនៅនឹង​កន្លែងរស់នៅរបស់ប្រ ជាពលរដ្ឋ នឹងជួយលើកកម្ពស់ជីវភាពរបស់ពួកគាត់ ហើយក៏កាត់បន្ថយការកាប់ទន្ទ្រានព្រៃឈើផងដែរ។

លោករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះ «ត្រូវយកចិត្តទុកដាក់ជួយអប់រំ ប្រជាពលរដ្ឋឲ្យងាកពីការផ្លាក់ប្តូរទីលំនៅដោយការកាប់បំផ្លាញព្រៃឈើ ដោយត្រូវជំរុញ និងបង្កើតផលិតភាពកសិកម្ម តាមរយៈការធ្វើប្រពលវប្បកម្ម និងពិពិធកម្មកសិកម្មទាំងលើដំណាំការចិញ្ចឹមសត្វ ការគ្រប់គ្រងទឺក កសិរុក្ខកម្ម ការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានជលផល វារវីប្បកម្ម និងអនុផលព្រៃឈើ ដែលបម្រើឲ្យវិស័យស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងបង្កបរិយាកាស ដើម្បីលើកស្ទួយការវិនិយោគពីវិស័យឯកជន និងបង្កើតការងារនៅមូលដ្ឋាន»

លោករដ្ឋមន្រ្តី វេង សាខុន ក៏បានជំរុញមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ បន្តពង្រឹងកិច្ចសហការជាប់ប្រចាំជាមួយអាជ្ងាធរដែនដី គណៈបញ្ជា ការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្រ្កាបបទ ល្មើសតាមគ្រប់រូបភាព ក្នុងនោះមានបទល្មើសព្រៃឈើ ជនផល ចលនាសត្វដោយខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ពិសេសតំបន់ជាប់ព្រំដែនក្នុងស្មារតីសហការទទួលខុសត្រូវ។

លោករដ្ឋមន្រ្តី ក៏បានជំរុញមន្រ្តីរដ្ឋាបាលព្រៃឈើ ឲ្យចុះអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋ កុំឲ្យចូលទៅកាប់ឈើដោយខុសច្បាប់នៅក្នុងទឹកដី ប្រទេសជិតខាង ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕