​(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ភ្នាក់ងារFresh News នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះថា ក្រោមពីទទួលព័ត៌មាន​ថា មានករណីបង្ករបួសស្នាម លើជនរងគ្រោះម្នាក់ បណ្តាលឲ្យបែកក្បាល ដោយក្រុម​ទំនើង​៨នាក់ ទើបកម្លាំងរបស់លោកបានទៅដល់កន្លែងកើតហេតុភា្លមៗ និងចាប់បានជនសង្ស័យម្នាក់។

 ហេតុការណ៍អំពើហឹង្សានេះ កើតឡើងនៅ​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦​ម្សិលមិញនេះ ត្រង់បរិវេណ កាស៊ីណូស្តារវិហ្គាស (ផ្កាយ៥) ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកមេបញ្ជាការ បានឲ្យដឹងថា ​ជនរងគ្រោះឈ្មោះ ឈឿត ឈឿយ អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ​ចំណែកជនសង្ស័យឈ្មោះ វ៉េត វណ្ណៈ​អាយុ៣១ឆ្នាំ រីឯបក្សពួក​៧នាក់​ទៀត រត់គេចខ្លួនបានស្រមោល។ បើតាមការអះអាងពីជនរងគ្រោះ បានប្រាប់ថា ខ្លួនបានមកអង្គុយលេងលើវាលស្មៅបរិវេណកាស៊ីណូខាងលើ​ បានមួយសន្ទុះ ស្រាប់តែឃើញក្រុមជន​សង្ស័យ​មានគ្នា៨នាក់ ចុះពីលើរថយន្ត មិនស្គាល់ម៉ាក ហើយដើរតម្រង់មកខ្លួន ក៏ធ្វើសកម្មភាពវាយលើខ្លួនតែម្តង ដោយមិនដឹងពីមូលហេតុ ហើយខ្លួនមិន​ស្គាល់ក្រុមជនសង្ស័យសោះ។

ជនសង្ស័យ បានសារភាពប្រាប់អាវុធហត្ថថា ខ្លួនពិតជាបានបង្កហឹង្សាទៅលើជនរងគ្រោះពិប្រាដកមែន​។ បច្ចុប្បន្នកម្លាំងអាវុធហត្ថ កំពុងស្រាវជ្រាវតាមច្បាប់ខ្លួនបក្ខពួកផ្សេងទៀត ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់​៕