(ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​សីហា​នេះ ​ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ នាយកដ្ឋាន​ដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ បញ្ជូន​មក​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​ករណី​ឆបោក​និង​រំលោភ​លើ​ទំនុក​ចិត្ត​ ទឹក​ប្រាក់​ជាង​មួយ​លាន​ដុល្លារ​អាមេរិក​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​តុលាការ​។

ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​ សំណូមពរ​ឱ្យ​តុលាការ​ផ្តន្ទា​ទោស​ឈ្មោះ​ ស្រេង​ លាងគីម​ និង​ បក្ខពួក​តាម​ច្បាប់​ ព្រម​ទាំង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០ម៉ឺន​ដុល្លារ​អាមេរិក​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ស្ត្រី​រូប​នេះ​ឈ្មោះ​ ស្រេង​ លាងគីម​ អាយុ​២៨ឆ្នាំ​ មាន​ទីលំនៅ​ផ្ទុះ​លេខ​៣៥A/១៥​ ផ្លូវ​លេខ​៧​ ក្រុម​២១​ មណ្ឌល​២​ ភូមិ​រកា​១​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មានជ័យ។ ចំណែក​បក្ខពួក​ពីរ​នាក់​ទៀត​ សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់​ខ្លួន​។

ព័ត៌មាន​ពី​សមត្ថកិច្ច​ បាន​ឲ្យដឹងថា​ ថ្ងៃ​ទី​២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៥​ ដល់​ថ្ងៃ​ទី​២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ ឈ្មោះ​ ស្រេង​ លាងគីម​ បាន​ខ្ចី​ប្រាក់​ពី​ឈ្មោះ​ លឹម​ មួយ​ជូរ​ ភេទ​ស្រី​ អាយុ​៦០ឆ្នាំ​ ជា​បន្តបន្ទាប់​ច្រើន​លើក​សរុប​ចំនួន​ ១.៤៥៥.០០០ដុល្លារ​អាមេរិក​ (​មួយ​លាន​បួន​រយ​ហាសិប​ប្រាំ​ពាន់​ដុល្លារ​អាមេរិក​)​ ដែល​មាន​លិខិត​បញ្ជាក់​ជា​ភស្តុតាង​។ ក្រោយ​ពី​ខ្ចី​ប្រាក់​ពី​ឈ្មោះ​ លឹម​ មួយ​ជូរ​ រួច​ហើយ​ ឈ្មោះ​ ស្រេង​ លាងគីម​ ពុំ​បាន​សង​ប្រាក់​មក​វិញ​ទេ​។

សមត្ថកិច្ច​បានបញ្ជាក់បន្ត​ថា​ លុះ​ដល់​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​ ឆ្នាំ​២០១៦​ សាច់ញាតិ​របស់​ឈ្មោះ​ ស្រេង​ លាងគីម​ បាន​មក​ដឹក​ឈ្មោះ​ លឹម​ មួយ​ជូរ​ ទៅ​ជួប​នៅ​ផ្ទះ​ឪពុក​ឈ្មោះ​ ស្រេង​ លាងគីម​ ស្ថិត​នៅ​ភូមិ​ ព្រែក​បាឡាក់​ឆឹង​ ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​។ ពេល​ទៅ​ដល់​គោលដៅ​ សាច់ញាតិ​របស់​ឈ្មោះ​ ស្រេង​ លាងគីម​ បញ្ជាក់​ថា​ ពុំ​មាន​ប្រាក់​សង​ឈ្មោះ​ លឹម​ មួយ​ជូរ​ នោះទេ​ តែ​មាន​តូប​ទំនិញ​នៅ​ផ្សារ​អូឡាំពិក​ចំនួន​៣តូប​ ដី​ស្រែ​ និង​ដី​លំនៅឋាន​ ២ទៅ​៣កន្លែង​ទៀត​ ដើម្បី​ទូទាត់​បំណុល​ជាង​មួយ​លាន​ដុល្លារ​នេះ​។

បន្ទាប់​មក​សាច់ញាតិ​ឈ្មោះ​ ស្រេង​ លាងគីម​ បាន​ធ្វើ​កិច្ចសន្យា​លក់​តូប​ ដី​ស្រែ​ និង​ដី​លំនៅឋាន​មក​ឲ្យ​ឈ្មោះ​ លឹម​ មួយ​ជូរ​ ។ ប៉ុន្តែ​ឈ្មោះ​ លឹម​ មួយ​ជូរ​ បាន​យក​ឯកសារ​ទាំង​នេះ​ ទៅ​ស្រាវជ្រាវ​ទើប​ដឹង​ថា​ ពុំ​មាន​ឡើយ​ ពោល​គឺ​សុទ្ធសឹងតែ​ជា​ការ​ភូត​កុហក​ ទើប​ឈាន​ដល់​ការ​ដាក់​ពាក្យ​បណ្ដឹង​តែ​ម្តង​៕