(កៀវ)៖ លទ្ធផលនៃការព្យាករណ៍សម្រាប់ឆ្នាំ ២០១៦នេះបានចេញមកហើយ ដោយប្រទេសអ៊ុយក្រែនបាននិយាយថា ខ្លួននឹងខាតបង់រហូតដល់ទៅ ១ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅពេញមួយឆ្នាំនេះ ដោយសារតែការរឹតបន្តឹង ផ្នែកពាណិជ្ជកម្មពីសំណាក់ប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៦។

អនុរដ្ឋមន្ត្រីពាណិជ្ជកម្មអ៊ុយក្រែនលោក Nataliya Mykolska បានថ្លែងដូច្នេះថា ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនេះ នឹងជួបប្រទះបញ្ហាជាច្រើនជាពិសេសនោះ គឺការហាមឃាត់របស់ប្រទេសរុស្ស៊ី នឹងធ្វើឲ្យការនាំចេញរបស់អ៊ុយក្រែន ទៅកាន់ប្រទេសសម្ព័ន្ធមិត្តរុស្ស៊ីដូចជា កាហ្សាក់ស្ថាន និង គីជីស្ថាន ធ្លាក់ចុះដោយប្រយោល។ ជាលទ្ធផលបន្ថែម ទៀតនោះ គឺផលិតផលក្នុងស្រុក សរុបរបស់អ៊ុយក្រែន (GDP) នឹងធ្លាក់ចុះ ០,៣ ភាគរយនៅឆ្នាំ២០១៦នេះផងដែរ។

គួរបញ្ជាក់ថា នៅរយៈពេល ៥ខែដើមឆ្នាំ ២០១៦ កន្លងទៅនេះ ការនាំចេញរបស់អ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី បានធ្លាក់ចុះ ៣៦,២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកវិភាគបានព្រមានថា ការធ្លាក់ចុះ នឹងបន្តកាន់តែខ្លាំងជាងនេះទៅទៀត ពីព្រោះថាចាប់តាំងពីដើមឆ្នាំ ២០១៦ មកម្ល៉េះ ប្រទេសរុស្ស៊ីបានចាប់ផ្តើមដាក់ការ រឹតបន្តឹងលើផ្នែកពាណិជ្ជកម្មកាន់តែខ្លាំងក្លា មកលើអ៊ុយក្រែន ក្នុងនោះក៏មានការផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាការឆ្លើយតបនឹងទីក្រុងកៀវ ដែលបានទៅចូលរួមតំបន់ពាណិជ្ជកម្មសេរី ជាមួយនឹងសហភាពអឺរ៉ុប៕