(ប៉ៃលិន)៖ លោក សេរី កុសល អនុប្រធានទី១ និង លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី២ និងជាអគ្គលេខាធិការ បានដឹកនាំគណប្រតិភូ តំណាងប្រទេស ម្ចាស់​ជំនួយ រួមមានលោកស្រី Angela CORCORAN ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោកស្រី Setsuko YAMAZAKI នាយកអង្គការ UNDP ប្រចាំប្រទេសកម្ពុជា លោក​ Lars BUECHLER លេខាទី១ ស្ថានកុងស៊ុលប្រទេសស្វីសប្រចាំកម្ពុជា និងក្រុមការងារ​ ចុះទស្សនកិច្ចដំណើការ នៃការបោសសម្អាតមីន នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។ ការចុះត្រួតពិនិត្យនេះ កំពុងអនុវត្ត ដោយប្រតិបត្តិករ NPMEC ក្រោមគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល តំណាក់កាលទី៣។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី ឯកអគ្គរដ្ឋទូតអូស្ត្រាលី តំណាងម្ចាស់ជំនួយ បានសំដែងនូវការ​កោតសរសើរចំពោះដំណើការ នៃការអនុវត្តគម្រោង​ ដែល​មានភាពហ្មត់ចត់​ច្បាស់លាស់ និងប្រកបដោយតម្លាភាព ដែលផ្តល់នូវទំនុកចិត្តខ្ពស់ សម្រាប់ក្រុម​ប្រទេសផ្តល់ជំនួយ។

ទស្សនកិច្ចខាងលើនេះ មានការចូលរួមពី អភិបាលខេត្តប៉ៃលិន អភិបាលស្រុក អង្គភាពផែនការសកម្មភាពមីន (ម៉ាពូ) ប្រជាពលរដ្ឋ​ និងអ្នកទទួលផលផងដែរ៕