(ប៉ៃលិន)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានប្រាប់​ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះថា ការទប់ស្កាត់នេះ គឺយោងតាមការរាយការណ៍ ពីកម្លាំងជំនាញសម្ងាត់ថា មានតូបលក់មុខទំនិញគ្មានគុណភាព និងអនាម័យត្រឹមត្រូវ ជាពិសេសនោះផុតថ្ងៃបរិច្ឆេទ ជាច្រើនមុខ នៅផ្សារសាលាក្រៅ ស្ថិតក្នុងភូមិស្ទឹងត្រង់ ភូមិអូរអណ្តូង ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោក​បន្តថា ភ្លាមនោះលោកបានសហការជាមួយ មន្ត្រីពាណិជ្ជកម្មខេត្ត ​ចុះត្រួតពិនិត្យគុណភាព ហើយផលិតផលខូចគុណភាព ហួសរយៈពេលប្រើប្រាស់ រួមមានទឹកដោះគោជូក្មេង ៧០២ដបតូច ទឹកក្រូចដបជ័រ១២ដបធំ ទឹកផ្លែឈើ​ Chherry ៤៤ដប ម្សៅស៊ុបរ៉តឌី២៦កញ្ចប់តូច ដុំស៊ុបខ្នរ៤៨ដុំ និងម្សៅមីឡូ៦កែវ។ ប្រធានសាខាកាំកុងត្រូល បានបញ្ជាក់ថា «ម្ហូបអាហារខូចគុណភាពទាំងនេះ ត្រូវបានយកមករក្សាទុកនៅស្នាក់ការកាំកុងត្រូល ដើម្បីចាត់ចែងតាមនីតិវិធី​ ចំណែកម្ចាស់ទំនិញត្រូវបានធ្វើកិច្ចសន្យា អប់រំ បញ្ឈប់ នាំយកទំនិញគ្មានគុណភាពមកដាក់តាំងលក់បន្តទៀត បើមិនដូច្នេះទេយើងនឹងចាត់វិធានការតាមផ្លូវច្បាប់»