(ភ្នំពេញ​)៖ ​លោក ប៉ា​ ងួនទៀង​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​សីហា​ បាន​​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​​ សំណុំរឿងសូកប៉ាន់សាក្សី។ ការ​សាកសួរ​នេះ​ ធ្វើ​ឡើង​ដោយ​លោក​ ធាម​ ច័ន្ទ​ពិសិដ្ឋ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ធ្លាប់​បាន​បញ្ជាក់​ថា​ លោក ប៉ា ងួនទៀង ពាក់ព័ន្ធនឹង សំណុំរឿង មន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប និងមន្ត្រី គ.ជ.ប ១រូប ដែលតុលាការបានចោទប្រកាន់​ពី​បទ​សូកប៉ាន់សាក្សី។

លោកបន្ថែម​ថា​ ដីកាកោះនេះជានីតិវិធីរបស់តុលាការ ករណីតុលាការយល់ថា សាក្សីមានប្រយោជន៍ក្នុងសំណុំរឿងនេះ​។

សូមជំរាបថា មន្ត្រី​អាដហុក​៤រូប ​និង​មន្ត្រី​គជប​ ជាប់​ចោទ​ពី​បទ​សូកប៉ាន់​សាក្សី​ និង​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ ដល់​​អ្នក​នាង​ ខុម​ ចាន់​តារ៉ាទី​ ហៅ​ស្រី​មុំ​ ដើម្បី​កុំឲ្យ​អ្នកនាង​និយាយ​ការ​ពិតប្រាប់​សមត្ថកិច្ច ​​ចំពោះ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក​ កឹម​ សុខា​៕