(តៃប៉ិ)៖ ស្ត្រីវ័យ៤៤ឆ្នាំ ជនជាតិតៃវ៉ាន់ម្នាក់ ដែលបានធ្វើដំណើរទៅកាន់ទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ត្រូវបានគេបញ្ជាក់ថា មានផ្ទុក​វីរ៉ុស Zika។ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់តៃវ៉ាន់ ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ ឲ្យដឹងនៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ។

វាគឺជាករណីទី៦ហើយ នៃអ្នកជំងឺដែលបាន​នាំយកវីរ៉ុស Zika ចូលមកក្នុងកោះតៃវ៉ាន់។

មជ្ឈមណ្ឌល បន្ថែមថា ស្ត្រីខាងលើបានវិលត្រឡប់មកដល់តៃវ៉ាន់វិញ នាថ្ងៃទី១២ ខែសីហា ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីស្បែកពោះ និងជើងរបស់នាង មានកន្ទួលរមាស់។ ​មជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់តៃវ៉ាន់ បានបន្តថា រោគសញ្ញារបស់ស្ត្រីនោះបានធូរហើយ បច្ចុប្បន្ននាមានសុខភាពល្អ។

ដោយឡែកមួយទៀត មជ្ឈមណ្ឌលបានប្រកាសនៅថ្ងៃទី១២ ខែសីហាកន្លងទៅថា បុរសវ័យ២៧ឆ្នាំម្នាក់ ដែលបានត្រឡប់មកពីកោះ St.Vincent និងកោះ Grenadines ក្នុងតំបន់ Caribbean ត្រូវបានបញ្ជាក់ថា មានផ្ទុកវីរ៉ុស Zika ផងដែរ៕