(ភ្នំពេញ)៖ ​ស្ត្រី​បឹងកក់​ពីរ​នាក់​ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះ​អាសន្ន​ ដើម្បី​រង់ចាំ​បើក​សវនាការ​ជំនុំជម្រះ​ នៅ​ថ្ងៃ​ទី​២២​ ខែ​សីហា​ ខាងមុខ​នេះ​ ។ សវនាការ​នា​ពេល​ខាងមុខ​ ដឹកនាំ​ដោយ​លោក​ ពេជ្រ​ វិជ្ជា​ធរ​ ជា​ចៅក្រម​ជំនុំជម្រះ​ ។

លោក លី សុផាណា អ្នកនាំពាក្យ និងជាមន្រ្តីជាន់ខ្ពស់នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា៖ «ចៅក្រម ពេជ្រ វិជ្ជាធរ បានបើកសវនាការជំនុំជម្រះលើជនជាប់ចោទឈ្មោះ ទេព វន្នី និងឈ្មោះ ប៊ូវ សោភា តាមនីតិវីធីបង្គាប់អោយបង្ហាញខ្លួនភ្លាម ដែលជាប់ចោទពីបទ ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍តាមបញ្ញត្តិមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ បន្ទាប់ពីដំណើរការសវនាការ ចៅក្រមជំនុំជម្រះសម្រេចឃុំខ្លួនជនជាប់ចោទទាំង២រូប ដើម្បីបន្តសវនាការនៅថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦ ពេលព្រឹក»

មន្ត្រី​តុលាការ​ បញ្ជាក់​ថា​ ស្ត្រី​បឹងកក់​ពីរ​នាក់​ គឺ​ ឈ្មោះ​ ទេព​ វន្នី​ និង​ ឈ្មោះ​ ប៊ូវ​ សោភា​ ត្រូវ​បាន​លោក​ កែវ​ សុជាតិ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ តាម​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

បទល្មើស​នេះ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ៦ខែ​ទៅ​២ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​១លាន​រៀល​ទៅ​៤លាន​រៀល​៕