(ក្រចេះ)៖ ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកព្រែកប្រសព្វ និងកម្លាំងសហគមន៍ នេសាទមូលដ្ឋាន ចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ និងឧបករណ៍នេសាទខុសច្បាប់ជាច្រើន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចបឹងវែង ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

លោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែករដ្ឋបាល ជលផលព្រែកប្រសព្វ បានប្រាប់ភ្នាក់ងារFresh News ឲ្យដឹងថា ឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនដូចជា របាំងស្បៃមុង និងរបាំងសាច់អួននីឡុងចំនួន០៨ខ្សែ ប្រវែងជិត១ពាន់ម៉ែត្រ លូស្បៃមុង និងសាច់អួនក្រឡាញឹកចំនួន១១គ្រឿង បង្គោលចម្រឹងឬស្សីជិត៣រយដើមព្រមទាំងចាក់លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិជាង ១រយគីឡូក្រាម។ លោកបានបន្តថា ការចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេះ គឺធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោក កែម ហៀង អភិបាលរងស្រុកព្រែកប្រសព្វ និងដោយមានការចង្អុលបង្ហាញពី លោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផលក្រចេះ។

ដោយបានធ្វើឡើងពេញមួយថ្ងៃ ព្រោះនៅទីនោះ ឲ្យតែដល់រដូវទឹកឡើង គឺសំបូរកូនត្រីខ្លាំងណាស់ ប្រសិនបើសមត្ថកិច្ច មានការធ្វេសប្រហែសបន្តិច គឺជនល្មើសមួយចំនួន តែងតែប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ដូចជា ស្បៃមុង អួនក្រលាញឹក និងឆក់ មកនេសាទដើម្បីចាប់ត្រីទាំងតូចទាំងធំ ជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានជលផលនៃយើង។

ហេតុការណ៍នេះការចុះបង្ក្រាប គឺធ្វើដូចភ្លៀងរលឹម មិនថាឡើយរដូវបិទ ឬរដូវបើកនេសាទក្តី គឺមន្ត្រីជំនាញតែងតែសុំកិច្ចសហការពីគណៈបញ្ជាកាឯកភាពស្រុក ដើម្បីចុះបង្ក្រាបប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានោះ លោក កែម ហៀង អភិបាលរងស្រុក បានឲ្យដឹងថា ក្នុងនាមលោកអភិបាលស្រុកព្រែកប្រសព្វក៏ដូចជាក្នុងនាម អាជ្ញាធរគឺតែងតែ ផ្តល់កម្លាំងសហការជាមួយមន្ត្រីជំនាញគ្រប់ស្ថាប័ន ជាពិសេសមន្ត្រីជលផល ដើម្បីឲ្យការបង្ក្រាបធ្វើឡើងប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ ពិសេសក្នុងគោលដៅចំបង គឺចូលរួមថែរក្សា ការពារ អភិរក្សធនធានជលផល ឲ្យនៅគង់វង្សសម្រាប់ពេលបច្ចប្ប្មន្ន និងទៅអនាគត ៕