(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ បានទទួលជួបជាមួយលោកស្រី Saida Muna Tasneem ឯកអគ្គរដ្ឋទូតបង់ក្លាដែស ប្រចាំប្រទេសថៃ នាទីស្ដីការក្រសួងការងារ ដោយផ្ដោតលើការពិភាក្សាការងាររួមមួយ នៃការគ្រោងចុះកិច្ចព្រមព្រៀង លើវិស័យការងារ រវាងប្រទេសទាំងពីរ ក្នុងគោលបំណងពង្រឹង និងពង្រីកសហប្រតិបត្តិការល្អជាមួយគ្នា។

ក្រោយពីបញ្ចប់ជំនួប លោករដ្ឋមន្រ្តីបានឱ្យដឹងថា ការពិភាក្សាលើកដំបូងនេះ ពិតជាមានភាពល្អប្រសើរ លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ជាមួយគ្នានេះ ក្រសួងការងារកម្ពុជា និងក្រសួងការងារបង់ក្លាដែស ក៏គ្រោងនឹងចុះកិច្ចព្រមព្រៀងជាមួយគ្នា លើវិស័យការងារ ដើម្បីពង្រឹង និងពង្រីកសហប្រតិបត្តិការ លើវិស័យការងាររវាងប្រទេសទាំងពីរ។ ក្រៅពីវិស័យការងារ ប្រទេសបង់ក្លាដែស ក៏ចង់ពង្រីកទំនាក់ទំនងលើវិស័យកសិកម្ម ឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ផងដែរ ដែលគ្រោងនឹងរៀបចំឱ្យមានក្រុមការងារបច្ចេកទេសមួយ របស់ប្រទេសទាំងពីរ ដើម្បីឈានទៅដល់ការចុះកិច្ចព្រមព្រៀងជាមួយគ្នា។

លោករដ្ឋមន្រ្តីបានបន្តថា កម្ពុជា និងបង់ក្លាដែស មានភាពប្រហាក់ប្រហែលលើផ្នែកជាច្រើន ព្រោះប្រទេសទាំងពីរ ជាប្រទេសកំពុងអភិវឌ្ឍន៍ មានសេដ្ឋកិច្ចប្រហាក់ប្រហែលគ្នា ហើយផ្នែកកសិកម្ម​ ឧស្សាហកម្មកាត់ដេរ ស្ថានភាពពលកម្ម ក៏មិនខុសគ្នាដែរ។

លោករដ្ឋមន្រ្តី អ៉ិត សំហេង បានបញ្ជាក់ទៀតថា នៅតាមសហគ្រាស គ្រឹះស្ថានក្នុងប្រទេសកម្ពុជាមួយចំនួន មានអ្នកជំនាញបច្ចេកទេសបង់ក្លាដែស ជាច្រើនផងដែរ ដូច្នេះហើយ ទើបប្រទេសទាំងពីរ ចាំបាច់ត្រូវមានកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីផ្ដល់ផលប្រយោជន៍ និងផ្លាស់ប្ដូបទពិសោធន៍ ឱ្យគ្នាទៅវិញទៅមក៕