(កណ្តាល)៖ ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ ជនជាតិកូរ៉េ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានចៅក្រមសាលាដំបូងខេត្តកណ្តាល ចេញដីកាបង្គាប់ឲ្យឃុំខ្លួនហើយ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ។

លោក លឹម សុគន្ថា ព្រះរាជអាជ្ញាសាលាដំបូង ខេត្តកណ្តាល បានប្រាប់ Fresh News ថា ការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញារង លោក ឯក ស៊ុនរស្មី ចោទប្រកាន់ពី បទឃាតកម្មគិតទុកជាមុន ក្នុងមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ហើយចៅក្រមស៉ើបសួរសាលាដំបូង លោក ផូង វណ្ណ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនជាប់ចោទ ឈ្មោះ ផុំ រដ្ឋា ដែលជាខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ជនជាតិកូរ៉េ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្នុងប៉ុស្តិយាមប្រជាការពារ ស្ថិតក្នុងភូមិកោះខ្នុរ ឃុំព្រៃរកា ស្រុកកណ្តាលស្ទឹង។

ជនជាប់ចោទ ឈ្មោះ ផុំ រដ្ឋា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរវេរលុយ និងលក់ទូរសព្ទ រស់នៅឃុំដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាខ្មាន់កាំភ្លើង បាញ់សម្លាប់ជនជាតិកូរ៉េ នៅស្រុកកណ្តាលស្ទឹង ត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្តាល បញ្ជូនខ្លួនទៅកាន់តុលាការ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។

ជនជាប់ចោទរូបនោះ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចខាងជើង ផ្សារធំថ្មី រាជធានីភ្នំពេញ។ តាមចម្លើយ ឈ្មោះ ផុំ រដ្ឋា បានសារភាពថា រូបគេពិតជាបានបាញ់រហូតដល់អស់គ្រាប់ទៅលើលោក Jo ChunSeong ជនជាតិកូរ៉េ ដោយអាវុធខ្លីម៉ាករ៉ូឡូ នៅពេលដែលជនរងគ្រោះនោះបែរខ្នងមករករូបគេ៕