(ភ្នំពេញ)៖​ អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា លោក ឈុន អូន បានថ្លែងថា សព្វថ្ងៃនេះ ក្រុមហ៊ុនកំពុងតែពង្រីកសក្ដានុពលរបស់ខ្លួន ឲ្យកាន់តែប្រសើរបន្ថែមទៀត ដោយបានបង្កើននូវកន្លែងស្ដុកសាំងរហូតដល់ទៅ២០០លានលីត្រ ដែលស្ដុកចាស់មានត្រឹមតែ១០០លានលីត្រតែប៉ុណ្ណេះ ពិសេសក៏បានពង្រីកកន្លែងផែពីតូចទៅធំ ដើម្បីនាំចូលប្រេងពីក្រៅប្រទេស ដែលមានគុណភាពខ្ពស់ មកផ្គត់ផ្គង់តម្រូវរបស់ប្រជាពលរដ្ឋកម្ពុជា។

លោកបន្ដថា «ស្របពេលដែលកម្ពុជា កាន់តែមានការអភិវឌ្ឍកាន់តែរីកចម្រើន កំណើនសេដ្ឋកិច្ចកាន់តែប្រសើរ ប្រជាពលរដ្ឋមានជីវភាពធូរធារជាលំដាប់ ហើយយានយន្ដ និងទោចក្រយានយន្ដ រួមទាំងវិស័យផ្សេងៗទៀត កាន់តែលូតលាស់ឥតឈប់ឈរ បានធ្វើឲ្យតម្រូវការប្រេងសាំងក៏កាន់តែកើនឡើងបន្ថែមទៀត បានជាខ្ញុំសម្រេចចិត្ដពង្រីកនូវសក្ដានុពលក្នុងការនាំចូលនូវប្រេងសាំងដែលមានគុណភាពខ្ពស់ពីក្រៅប្រទេស មកបំពេញតម្រូវរបស់បងប្អូនប្រជាពលរដ្ឋយើង​ឲ្យកាន់តែមានភាពងាយស្រួល ដោយគ្រាន់តែចំណាយថវិកាតិចជាងមុនហើយ បានប្រើប្រាស់ប្រេងសាំងដែលមានគុណភាពល្អថែមទៀតផង»

លោកបន្ដទៀតថា«អ្វីដែលជាដំណឹងល្អបំផុតសម្រាប់អតិថិជននោះ គឺក្រុមហ៊ុនកម្ពុជាតេលា នឹងមានកម្មវិធីពិសេសៗជូនទៅដល់អតិថិជន ដែលក្រុមហ៊ុនកំពុងតែរៀបចំជូនក្នុងឱកាសខាងមុខនេះ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រ និងប្រើប្រាស់ប្រេងសាំងរបស់ក្រុមហ៊ុន»

គួរបញ្ជាក់នៅថ្ងៃទី១៦ ខែ​សីហា ក្រុមហ៊ុនកម្ពុជាតេលា បានរៀចំកម្មវិធីពិធីសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយសមាជិកដៃគូពាណិជ្ជកម្ម របស់ក្រុមហ៊ុនកម្ពុជាតេលា ប្រមាណជាង៣០០នាក់ នៅជុំវិញរាជធានីភ្នំពេញ នៅសណ្ឋាគារ​ អ៊ឺនធឺខនទីណង់តាល់ ហើយកាលពីកន្លងទៅថ្មីនេះៗក៏បានរៀបចំកម្មវិធីនេះ នៅទូទាំងខេត្ដផងដែរ ដើម្បីពង្រឹងនិងពង្រីកនូវយុទ្ធសាស្ដ្រថ្មីបន្ថែមទៀត ក្នុងបំពេញតម្រូវដល់ប្រជាពលរដ្ឋកម្ពុជា។ មកទល់នឹងពេលនេះ ក្រុមហ៊ុនកម្ពុជាតេលា មានសាខាចែកចាយបន្ដជាង១២០០សាខា និងចែកចាយផ្ទាល់ប្រមាណជាង៥០ស្ថានីយ៍ ហើយសម្រាប់រថយន្ដដឹកចែកចាយទាំងធំនិងតូចប្រមាណ៥០០គ្រឿងផងដែរ ៕