(តាកែវ)៖ ដីទំហំ៣ហិកតាកន្លះដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាសម្រេចកាត់ចេញពីបញ្ជីសារពើភ័ណ្ឌរបស់​រដ្ឋ​ប្រគល់ជូនប្រជាពល​រដ្ឋក្នុងឱកាស​អញ្ជើញចុះ​សំណេះសំណាល​ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តតាកែវនាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៦នេះ ត្រូវបានលោក ឡាយ វណ្ណៈ  អភិបាលខេត្តតាកែវ ចុះទៅធ្វើការប្រកាស​ប្រគល់ជូន​ដោយផ្ទាល់ដល់​ប្រជាពលរដ្ឋចំនួន ៣១គ្រួសារក្នុងភូមិអូរស្វាយចេក និងភូមិខ្សឹង ស្ថិតក្នុងសង្កាត់រការក្នុង ក្រុងដូនកែវនារសៀលថ្ងៃអង្គារ៏ ទី ១៦ ខែ សីហា ឆ្នាំ ២០១៦នេះ។  

ថ្លែងនៅក្នុងឱកាសនោះ លោកអភិបាលខេត្តបានជម្រាបជូនបងប្អូន ប្រជាពលរដ្ឋថា ដីដែលបងប្អូនកំពុងរស់នៅសព្វថ្ងៃនេះគឺជាដីអតីតឃ្លាំងស្រូវរបស់មន្ទីរពាណិជ្ជកម្មខេត្ត ដែលមានចុះបញ្ជី​សារពើភ័ណ្ឌ​ត្រឹមត្រូវ ប៉ុន្តែដោយសារការយកចិត្តទុកដាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីចំពោះបងប្អូន ទើបសម្តេចសម្រេចកាត់ដីទាំងនោះចេញពីបញ្ជីសារពើភ័ណ្ឌ របស់រដ្ឋហើយព្រម​ទាំងចេញប័ណ្ណ​ក​ម្មសិទ្ធកាន់កាប់ស្របច្បាប់ជូនដល់បងប្អូនប្រជាពលរដ្ឋថែមទៀតផង។

លោកអភិបាលខេត្ត ឡាយ វណ្ណៈ បានថ្លែងថា នៅពេលឆាប់ៗខាងមុខនេះ លោកនឹងចាត់មន្ទីរ​ជំនាញពាក់ព័ន្ធ ឲ្យមកចុះធ្វើការវាស់វែងដើម្បីកំណត់ព្រំដីឱ្យច្បាស់លាស់ រួចរៀបចំចេញប័ណ្ណ​កម្មសិទ្ធ​ស្របច្បាប់​ជូនដល់បងប្អូន ហើយលោកនឹងចុះមកចែកប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋផ្ទាល់តែម្តង។

ក្រោយពីបានស្តាប់ការប្រកាសរបស់លោក​អភិបាលខេត្តតាកែវរួចមក បងប្អូនប្រជាពលរដ្ឋបានសម្តែង​នូវអារម្មណ៍រំភើបរីករាយឥតឧបមា និងបានគោរពថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​សម្តេច​តេជោ នាយករដ្ឋមន្ត្រីដែលជានិច្ចការតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ហើយប្រជាពលរដ្ឋទាំងអស់បានប្តេជ្ញាគាំទ្រសម្តេចតេជោធ្វើជានាយករដ្ឋមន្ត្រីជារៀងរហូត៕