(សៀមរាប)៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ របស់នាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការឃាត់ខ្លូនជនជាតិវៀតណាម៣៥នាក់ បន្ថែមទៀត ក្នុងនោះមានស្រី៣នាក់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ ដែលបានចូលមកធ្វើការ និងស្នាក់នៅខុសច្បាប់ នៅក្នុងខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ​ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត បានឲ្យដឹងថា ការឃាត់ខ្លូនជនជាតិវៀតណាមនេះ ធ្វើឡើង​នៅរោងសិប្បកម្ម កែច្នៃឈើក្នុងដីឡូត៍ ជាប់របង​សណ្ឋាគារ​អង្គរ សិនជូរី មានទីតាំងស្ថិតនៅ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ត​សៀមរាប និងឃាត់ខ្លួនជនជាតិវៀតណាម៣៥នាក់ ក្នុងនោះមានស្រី៣នាក់។

លោកឧត្តមសេនីយ៍ បន្ដថា បន្ទាប់ពីឃាត់កម្លាំងជំនាញរកឃើញថា ​ជនជាតិវៀតណាម មានលិខិតឆ្លងដែន២២នាក់ គ្មានប័ណ្ណការងារ ក្នុងនោះមាន ទិដ្ឋាការ E ១៩នាក់ បានប្រគល់ទៅ ឲ្យក្រុមអធិការកិច្ច ហត្ថពលករ បរទេស ប្រចាំខេត្តសៀមរាប ធ្វើការផាកពិន័យ រីឯជនជាតិវៀតណាម២នាក់ មានទិដ្ឋាការ T ហើយឲ្យធ្វើកិច្ចសន្យា ទុករយៈពេល ៧ថ្ងៃឲ្យចាកចេញពី ​កម្ពុជា​។

លោកបន្ថែមថា វៀតណាម១៤នាក់ ផ្សេងទៀតមាន ស្រី៣នាក់ គ្មានឯកសារ និងគ្មានលិខិតឆ្លងដែន ត្រូវបាននាំ​ខ្លូនមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធី​៕