(ភ្នំពេញ)៖ ស្រ្តីជនជាតិអេស្បាញម្នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន ក្នុងយុទ្ធនាការតវ៉ាជាមួយក្រុមសកម្មជនបឹងកក់ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នោះ អាចប្រឈមនឹងការបញ្ជូន​ទៅកាន់​ប្រទេសរបស់នាងវិញ បន្ទាប់ពីសមត្ថកិច្ចរកឃើញថា ស្រ្តីជនបរទេសម្នាក់នេះ ពុំមានទិដ្ឋកាត្រឹមត្រូវ និងបានចូលរួមចលនាមួយចំនួនធ្វើឱ្យខូចសណ្តាប់ធ្នាប់ប្រទេសកម្ពុជា។ នេះបើតាម លោក អ៊ុក ហៃសីលា ប្រធានផ្នែកស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ។

ស្រ្តីបរទេសឈ្មោះ Marga Bucosa Segada ជាជនជាតិអេស្បាញ ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅម៉ោងជិត១១ព្រឹកមិញ នៅអធិការដ្ឋាននរបាលខណ្ឌដូនពេញ នៅពេលដែលរូបគាត់ ទៅតវ៉ាជាមួយ​ក្រុមសកម្មជនដីធ្លី ដើម្បីទាមទារឱ្យសមត្ថកិច្ចដោះលែងស្ត្រីបឹងកក់២រូប ក្នុងនោះមានអ្នកស្រី បូវ សោភា និងអ្នកស្រី ទេព វន្នី ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន រឿងចូលរួមធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ កាលពីល្ងាចថ្ងៃចន្ទ ។

លោក អ៊ុក ហៃសីលា បានប្រាប់ Fresh News ឱ្យដឹងថា ស្រ្តីបរទេសខាងលើមិនមែនជាអ្នកធ្វើការនៅក្នុងប្រទេសកម្ពុជានោះទេ គាត់គ្រាន់តែមកស្នាក់នៅបណ្តោះអាសន្នប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាង​ណា សមត្ថកិច្ចនឹងធ្វើរបាយការណ៍ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីសុំគោលការណ៍សម្រេចលើជនបរទេសខាងលើ។

លោក អ៊ុក ហៃសីលា បានបញ្ជាក់ថា សមត្ថកិច្ចនឹងអនុញ្ញាតឱ្យស្រ្តីខាងលើទៅកាន់កន្លែងស្នាក់នៅរបស់គាត់វិញ នៅល្ងាចនេះ ប៉ុន្តែសមត្ថកិច្ចនឹងដកហូតលិខិតឆ្លងដែនរបស់គាត់ ដើម្បីឱ្យថ្ងៃស្អែកគាត់​ត្រឡប់មកវិញ សម្រាប់សាកសួរព័ត៌មានបន្ថែមទៀត៕