(ភ្នំពេញ)៖ កម្មករ-កម្មការិនីជាច្រើននាក់ ធ្វើការក្នុងរោងចក្រ Greentree នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ បានធ្វើកូដកម្មតវ៉ា ដើម្បីស្នើសុំរដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយអន្តរាគមន៍ ពាក់ព័ន្ធនឹងករណីថៅកែរោងចក្រ Greentree បានបញ្ឈប់សមាជិក ពួកគាត់ពីការងារ និងមិនបានអនុវត្តតាមច្បាប់ស្ដីពីការងារ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ (NTUC) តំណាងឱ្យកម្មករ-កម្មការិនីខាងលើ នៅថ្ងៃទៅ១៦ ខែសីហា ឆ្នាំ២០១៦នេះ បានដាក់លិខិតមួយច្បាប់ ជូនដល់រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង ដើម្បីស្នើសុំអន្តរាគមន៍ជូនពួកគាត់ ដែលត្រូវថៅកែរោងចក្រ Greentree បញ្ឈប់ពីការងារ។

ការបញ្ឈប់ការងារដោយគ្មានមូលហេតុនេះ ត្រូវបានកម្មករ-កម្មការិនីក្នុងរោងចក្រខាងលើ ធ្វើការតវ៉ាតាំងពីថ្ងៃទី១៣ ខែសីហា មកម្ល៉េះ។ ដោយគ្មានទាំងការចរចា គ្មានទាំងដោះស្រាយឱ្យ ទើបកម្មករ-កម្មការិនីទាំងនោះ បានដាក់លិខិតទៅសម្ព័ន្ធសហជីពជាតិ ដោយភ្ជាប់ជាមួយសំណើ១០ចំណុច ដើម្បីឱ្យថៅកែរោងចក្រអនុវត្តតាមច្បាប់ស្ដីពីការងារ និងទទួលពួកគាត់បានចូលធ្វើការវិញ៕