(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលស្រុកថ្មពួក ចាប់បានមុខសញ្ញាចែកចាយគ្រឿងញៀន៣នាក់ ដកហូតបានថ្នាំ១៤គ្រាប់ ម៉ូតូ២គ្រឿង ផងដែរ។ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ បានភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មាន កម្លាំងនគរបាលជំនាញ និងសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក មាស ច័ន្ទពិសិដ្ឋ។

លោក ចាប សុផាឬទ្ធិ ស្នងការរងខេត្ត បានឲ្យដឹងថា ជនសង្ស័យខាងលើនេះ កម្លាំងជំនាញចាប់បាន កាលថ្ងៃទី១៣ ខែសីហា កន្លងមកនេះ ត្រង់ចំនុចភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ដោយក្នុងនោះជនសង្ស័យទី១-ឈ្មោះ សៃ ឆៀវ អាយុ១៩ឆ្នាំ (ជួញដូរ) ទី២-ឈ្មោះ យឹង ប្រាំង អាយុ១៨ឆ្នាំ (ប្រើប្រាស់) និងទី៣-ឈ្មោះ វិន តូនី អាយុ២២ឆ្នាំ (ប្រើប្រាស់) ក្រោយពីឃាត់ខ្លួនកម្លាំង ជំនាញដកហូតបាន ថ្នាំញៀន ចំនួន១៤គ្រាប់ និងម៉ូតូ២គ្រឿង ទូរស័ព្ទដៃ៣គ្រឿង។ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ ជនសង្ស័យទាំង ៣ ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕