(សេអ៊ូល)៖ អគ្គមេបញ្ជាការដែលមានមុខងារ ជាប្រធានសេនានុព័ន្ធយោធាអាមេរិកលោក Mark Milley នឹងបំពេញ ទស្សនកិច្ចនៅកូរ៉េខាងត្បូងរយៈពេលបីថ្ងៃក្នុងសប្តាហ៍នេះ ចំពោះមុខភាពតានតឹង នៃផែនការដាក់ពង្រាយប្រព័ន្ធ ការពារគ្រាប់មីស៊ីលកម្រិតខ្ពស់ THAAD ដែលទទួលរងការប្រឆាំង ពីប្រទេសជិតខាង និងសូម្បីតែប្រជាជនក្នុងស្រុក របស់កូរ៉េខាងត្បូងដែរនោះ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០១៦។

តាមការរំពឹងទុកមន្ត្រីយោធាកំពូល របស់អាមេរិកខាងលើនេះ នឹងមកបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ដើម្បីបើក សន្និសីទសារព័ត៌មានមួយ ដែលនឹងធ្វើការបញ្ជាក់ឡើងវិញ ពីការវិវឌ្ឍ និងជំហររបស់អាមេរិក ក្នុងការដាក់ពង្រាយ ប្រព័ន្ធ THAAD នៅលើទឹកដីកូរ៉េខាងត្បូងផងដែរ។ នៅក្នុងកិច្ចព្រមព្រៀងដែល បានសម្រេចកាលពីដើមខែកក្កដា នោះប្រទេសទាំងពីរ គ្រោងដាក់ពង្រាយប្រព័ន្ធ THAAD នៅចុងឆ្នាំ២០១៧។

គួរបញ្ជាក់ថា ទាំងនៅសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង សុទ្ធតែមានក្រុមប្រឆាំងចំពោះ ការដាក់ពង្រាយនេះដូចគ្នា ដោយបក្សប្រឆាំងកូរ៉េខាងត្បូងហៅទង្វើរដ្ឋាភិបាលរបស់ខ្លួនថា ជាការយកសន្តិសុខ របស់ប្រទេសនេះ ទៅទម្លាក់ក្នុង ភាពអន្តរាយ ខណៈដែលប្រទេសជិតខាងទាំងអស់ ដូចជាកូរ៉េខាងជើង ចិន និង រុស្ស៊ី បានចេញសារព្រមានធ្ងន់ៗ មកកាន់កូរ៉េខាងត្បូងរួចហើយដែរ៕