(ភ្នំពេញ)៖ លោកអនុសេនីយ៍ឯក ចិន សុខុម នាយរងព្រហ្មទណ្ឌប៉ុស្ដិ៍ឫស្សីកែវ បានប្រាប់អង្គភាព Fresh News ថា កម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ និងប្រជាការពារសង្កាត់ បានលបឆ្មក់ទៅបង្ក្រាបជាក់ស្ដែងនូវករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន ដោយបានឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់៤នាក់ ដកហូតបានថ្នាំញៀន១០កញ្ចប់ និងម៉ូតូ២គ្រឿងផងដែរ។

ប្រតិបត្តិការនេះធ្វើឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិសាមគ្គីនិងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

លោកអនុសេនីយ៍ឯក បន្តថា «បន្ទាប់ពីឃាត់ខ្លួនកម្លាំងយើង ដកហូតបានថ្នាំញៀនប្រភេទ ក្រាមពណ៌សថ្លា១០កញ្ចប់ និងម៉ូតូ២គ្រឿង ដែលជាមធ្យោបាយប្រើបា្រស់»

លោកបានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ ទី១-ឈ្មោះ យឹម ណុន អាយុ៣១ឆ្នាំ ទី២-ឈ្មោះ វ៉ែន មុន្នី អាយុ២៧ឆ្នាំ ទី៣-ឈ្មោះ កែវ រ៉ូហ្សាត ហៅយី អាយុ២៧ឆ្នាំ និងទី៤-ឈ្មោះ លី រ៉ូនី អាយុ២៥ឆ្នាំ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ បញ្ជូនខ្លួនទៅសាកសួរបន្ថែមនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់បន្ដតាមនីតិវិធី៕