(វ៉ាស៊ីនតោន)៖ មន្ត្រីរដ្ឋាភិបាលអាមេរិក បាននិយាយថាអ្នកទោសសរុប ១៥នាក់ត្រូវបានផ្ទេរពីពន្ធនាគារ Guantanamo ទៅកាន់ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម ដែលវាជាចំនួនអ្នកទោស ដែលត្រូវបានផ្ទេរច្រើនបំផុត មិនធ្លាប់មាន ក្នុងពេលតែមួយ នាអំឡុងការដឹកនាំអំណាច របស់ប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ៨ឆ្នាំមកនេះ។ នេះបើតាមការ ចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន CNBC នាព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០១៦។

អ្នកទោសទាំងអស់ខាងលើនេះមាន ១២នាក់ជាជនជាតិយ៉េមែន និង ៣នាក់ទៀតជាជនជាតិអាហ្វហ្គានីស្ថាន ដែលធ្វើឲ្យចំនួនអ្នកទោស ដែលស្ថិតនៅក្នុងពន្ធនាគារ ដ៏ល្បីល្បាញ ខាងរំលោភសិទ្ធិមនុស្សមួយនេះ នៅសល់តែ ៦១នាក់ប៉ុណ្ណោះ។ តាមរបាយការណ៍សិទ្ធិមនុស្សឯករាជ្យនោះ អ្នកទោសភាគច្រើនដែលជាប់ឃុំខ្លួនក្នុងពន្ធនាគារ Guantanamo គឺត្រូវចាប់សម្រេចឃុំខ្លួន ដោយគ្មានការកាត់ក្តីនោះឡើយ ហើយរាប់ទសវត្សរ៍មកហើយ វាតែងតែទទួល រងការថ្កោលទោសពី ក្រុមសិទ្ធិមនុស្សរបស់អន្តរជាតិ និងប្រទេសដែលមានទំនោរប្រឆាំងអាមេរិក។

គួរបញ្ជាក់ថា រដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា ក៏ធ្លាប់មានមហិច្ឆិតាក្នុងការបិទគុកខាងលើនេះដែរ ចាប់តាំងពីលោក ឡើងកាន់អំណាចក្នុងឆ្នាំដំបូងម្ល៉េះ ប៉ុន្តែផែនការដ៏លំបាកនេះ មិនអាចទៅរួចទេ។ កាលពីខែកុម្ភៈ កន្លងទៅនេះលោក អូបាម៉ា បានលើកឡើងជាថ្មីម្តងទៀតពីគំរោងបិទគុកនោះតែម្តង តែក៏ត្រូវបានសមាជិកសភានៃគណបក្សសាធារណរដ្ឋ និង សមាជិកគណបក្សប្រជាធិបតេយ្យ របស់លោកមួយចំនួនទៀត ចេញមុខជំទាស់ជាថ្មី។ ក្រុមអ្នកប្រឆាំងបាន ចាត់ទុកថា ការបិទគុក Guantanamo នឹងធ្វើឲ្យជីវិតប្រជាជនអាមេរិក ធ្លាក់ទៅក្នុងសភាពគ្រោះថ្នាក់៕