(ក្រុងរីយ៉ូ)៖ ក្រុមអត្តពលិករបស់ ប្រទេសមហាយក្សអាមេរិក បានឈ្នះមេដាយកើនដល់ ៧២គ្រឿងហើយ គ្រាដែលយុទ្ធនាការ Rio Olympic Games 2016 នៅប្រទេសប្រេស៊ីល នៅសល់តែ ៥ថ្ងៃទៀត ប៉ុណ្ណោះនឹងបញ្ចប់ហើយ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហានេះ។

តាមរយៈគេហទំព័រផ្លូវការរបស់ Rio 2016 បានឲ្យដឹងថា អាមេរិកនៅតែបន្តនាំមុខកំពូល តារាងដាច់ដដែល ពីការឈ្នះ មេដាយបានរហូតដល់ទៅ ៧២គ្រឿង (មាស២៦ ប្រាក់២២ និងសំរឹទ្ធ២៤) តាមពីក្រោយដោយអង់គ្លេស ឈ្នះមេដាយ សរុបបាន ៤១គ្រឿង ចិនឈរនៅលេខ៣ ឈ្នះមេដាយបាន៤៦គ្រឿង តែមេដាយមាសនិងប្រាក់ ចាញ់អង់គ្លេសជាមួយនឹងរុស្ស៊ី កំពុងឈរនៅលេខ៤ បណ្តោះអាសន្ន ដោយឈ្នះមេដាយបាន ៣៥គ្រឿងដែរ។

ទន្ទឹមគ្នានោះដែរ មេដាយដែលបានធ្វើការបំពាក់ដល់អត្តពលិកជយលាភី បានកើនដល់ ៥៤១គ្រឿងហើយ (មាស១៧៤ ប្រាក់១៧៤ និងសំរឹទ្ធ១៩៣) ក្នុងចំណោមបណ្តាប្រទេស ៦៩ ដែលបានឈ្នះមេដាយនៅ Rio 2016 លើក ទី៣១នេះ។

សូមបញ្ជាក់ផងដែរថា ចំនួនមេដាយដែលអត្តពលិកនានាទទួលបាននេះ គឺទៅលើប្រភេទកីឡាមួយចំនួនដែលបាន បញ្ចប់ជាស្ថាពរហើយរួមមានកីឡាបាញ់ធ្នូ កីឡាបាញ់កាំភ្លើង កីឡាយូដូ កីឡាជិះកង់ កីឡាវាយកូនបាល់ កីឡាជិះទូក កានូ កីឡាគុនដាវ និងកីឡាបាល់គប់ (Rugby Sevens) ក្នុងចំណោម ២៨ប្រភេទកីឡាដែលដាក់ឲ្យប្រកួត ស្របពេលកម្ពុជា ពុំទាន់ឈ្នះមេដាយ ១គ្រឿងនៅឡើយទេ ក្នុងចំណោម ២ប្រភេទកីឡា ដែលបានបញ្ចប់ មានកីឡាហែលទឹក និងកីឡារត់ប្រណាំង៕