(តាកែវ)៖ ផ្ទៃដីបង្កបង្កើនផលស្រូវរបស់បងប្អូន ប្រជាកសិករប្រមាណ ១៤.៥៥០ ហិកតា ស្ថិតក្នុងឃុំកណ្តឹង ចំបុី ពារាម ត្នោត ចំបក់ និងឃុំត្រពាំងសាប់ ស្រុកបាទី ខេត្តតាកែវ តែងតែប្រឈមនឹងកង្វះខាតទឹក ស្ទើររៀងរាល់ឆ្នាំ ដោយសារតែពុំមានប្រភពទឹកសម្រាប់ផ្គត់ផ្គង់។

ដោយពិនិត្យឃើញបញ្ហានេះ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការកែលំអឡើងវិញនូវប្រឡាយមេហនុមាន ប្រវែង ១១.៧០០ ម៉ែត្រ និងបានសាងសង់សំណង់សិល្បការមួយចំនួន ដើម្បីនាំទឹកពីទន្លេបាទី ទៅផ្គត់ផ្គង់ដីស្រែនៅតំបន់ខាងលើ ។ ការសាងសង់នេះ បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៦ កន្លងទៅនេះ ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងថា «ក្រោយពេលសាងសង់រួច និងមានទឹកស្ទើរពេញប្រឡាយ បងប្អូនប្រជាកសិករនៅតំបន់នោះ ក៏ចាប់ផ្តើមបង្កបង្កើនផល ស្រូវវស្សាស្ទើរសព្វផ្ទៃដី ។ តម្រូវការទឹកបញ្ចូលក្នុងស្រែ បានធ្វើឲ្យទឹកក្នុងប្រឡាយ ស្រកជាបន្តបន្ទាប់ រហូតដល់បាតប្រឡាយ ដែលបងប្អូនពុំអាចធ្វើការបូមដាក់ស្រែបាន បណ្តាលឲ្យស្រូវ ពង្រោះជាច្រើន ហិកតាប្រឈមនឹងកង្វះខាតទឹកយ៉ាងខ្លាំង»

លោកបានបន្តទៀតថា ជាទូទៅការខ្វះខាតបែបនេះត្រូវតែបំពេញឡើងវិញ ករណីខ្វះទឹកនៅប្រឡាយមេហនុមាននេះ ក៏ត្រូវតែបំពេញទឹកមកវិញដូចគ្នា ។ ក្រុមការងាររបស់ក្រសួង ក្រោមការដឹកនាំបញ្ជារបស់លោករដ្ឋមន្ត្រី បានចាត់ចែងបំពេញទឹកក្នុងប្រឡាយមេហនុមានឡើងវិញ តាំងពីដើមខែសីហា មកម្ល៉េះ ប៉ុន្តែ យើងមិនអាចធ្វើទៅបាន។

លោក ចាន់ យុត្ថា បានបញ្ជាក់ថា «មូលហេតុគឺដោយសារ នៅលើដងស្ទឹងតូច ស្ថិតក្នុងឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អាជ្ញាធរឃុំព្រែករកា បានសាងសង់ស្ពានឆ្លងកាត់ស្ទឹង ០១ កន្លែង ( ថវិកាឃុំ ) ។ ដើម្បីសាងសង់ស្ពានបាន គឺត្រូវសង់ទំនប់កាត់ស្ទឹង ដើម្បីការពារកុំឲ្យទឹកហូរចូលកន្លែងសាងសង់ ។ ទំនប់នេះ ជាឧបសគ្គដែលធ្វើឲ្យទឹកមិនអាចហូរចូលទៅទន្លេបាទីបាន»

ទោះជាបែបនេះក្តី ក្រុមការងារ បានខិតខំគ្រប់មធ្យោបាយ ដើម្បីបើកបង្ហូរទឹកឡើងវិញ ហើយសង្ឃឹមថា នឹងអាចនាំទឹកទៅសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករ បានទាន់ពេលវេលា។

បច្ចុប្បន្ន រាជរដ្ឋាភិបាលបានផ្តល់នូវកញ្ចប់ថវិកាមួយចំនួនដល់ឃុំ សង្កាត់ ដើម្បីឲ្យឃុំ សង្កាត់ មានលទ្ធភាព អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា ប្រឡាយទឹក ស្ពាន ផ្លូវលំ... នៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ក្នុងន័យចូលរួមជាមួយមូលដ្ឋាន ជម្រុញការអភិវឌ្ឍឲ្យកាន់តែមានប្រសិទ្ធភាព កន្លងមក ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមរាជធានី ខេត្តទាំងអស់ ត្រូវជួយសិក្សាលើលក្ខណៈបច្ចេកទេស ក្នុងដែនភារកិច្ចរបស់ខ្លួនជូនឃុំ សង្កាត់ ដោយមិនយកកម្រៃ ។

ជាថ្មីម្តងទៀត ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់អាជ្ញាធរឃុំ សង្កាត់ សូមទាក់ទងជាមួយមន្ទីរធនធានទឹក និងឧតុនិយម រាជធានី ខេត្ត ។ មន្ត្រីធនធានទឹក នឹងចុះសិក្សាជូនដោយ មិនយកកម្រៃ នូវរាល់គម្រោងដែលពាក់ព័ន្ធនឹងការងារទឹក ។ ការធ្វើរបៀបនេះ គឺដើម្បីធានាបាននូវបច្ចេកទេសផង និងនិរន្តរភាពនៃការបែងចែកទឹកផង ។

សូមបញ្ជាក់ជូនផងដែរថា ក្នុងតំបន់នេះ ចាប់តាំងពីឆ្នាំ ១៩៩៥ ក្រសួងបាន និងកំពុងសហការជាមួយភាគីជប៉ុន ដើម្បីឈានទៅអនុវត្តគម្រោងដ៏ធំមួយ គឺគម្រោងកែលម្អស្តារឡើងវិញ ប្រព័ន្ធស្រោចស្រព និងដោះទឹកជំនន់ភាគនិរតីរាជធានីភ្នំពេញ ។

បច្ចុប្បន្ន កំពុងបន្តនីតិវិធី លើការងារសិក្សាលំអិត ។ គម្រោងនេះគ្របដណ្តប់លើផ្ទៃដី ២៥.៨១០ ហិកតា ស្ថិតក្នុងខេត្តកំពង់ស្ពឺ កណ្តាល និងខេត្តតាកែវ ៕