(តាកែវ)៖ បន្ទាប់ពីបញ្ចប់ការសំណេះសំណាល និងផ្តល់ការឧបត្ថម្ភអគារសិក្សា និងតារាបាល់ ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សា ហាំង-ងោ ស្មៅខ្ញី រួចមក នៅព្រឹកថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តចុះជួបសំណេះសំណាល ជាមួយនឹងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យ​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ បាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។

ក្នុងឱកាសចុះសំណេះសំណាលនោះដែរ សម្តេចតេជោ ហ៊ុន សែន បានទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យ​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ បាទី ប្រកបដោយភាពរីករាយ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភនូវអគារសិក្សា១ខ្នង​ មានកម្ពស់៣ជាន់​ ស្មើ១៨បន្ទប់ ជូនដល់វិទ្យាល័យ​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ បាទី ដើម្បីបំពេញតម្រូវការអគារសិក្សាដែលកំពុងតែខ្វះខាតបច្ចុប្បន្ន។

បន្ទាប់មក សម្តេចតេជោ ក៏បានបន្តដំណើរដោយបាន ចុះជួបសំណេះសំណាលជាមួយ កុមារា កុមារី និងបុគ្គលិក បម្រើការងារក្នុងព្រះវិហារ គ្រឹស្ទបរិស័ទ ផលដំបូង ស្ថិតក្នុងភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដោយឧបត្ថម្ភសិស្ស​៤៥០នាក់​ ម្នាក់​ៗទទួលបាន១ម៉ឺនរៀល៕