(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នឹងរៀបចំពិធីប្រគល់រថយន្តជូនដល់វិទ្យុ ABC នៅម៉ោង០៩៖០០ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ ដោយក្នុងនោះមាន២គ្រឿង​ ជារថយន្តឧបត្ថម្ភដោយសម្តេចតេជោ ហ៊ុន សែន និងមួយគ្រឿងទៀតជារថយន្តរបស់ ABC ដែលត្រូវកម្លាំងមន្ទីរសុខាភិបាលដកហូត នាពេលកន្លងទៅ។

ពិធីប្រគល់រថយន្តនេះ នឹងត្រូវធ្វើឡើងនៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ហើយក៏មានការចូលរួមពី លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញផងដែរ។ នេះបើតាមការជូនដំណឹងរបស់វិទ្យុ ABC។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្រេចដកតំណែង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ លោក សុខ សុគន្ធ ក្រោយពីប្រធានមន្ទីរសុខាភិបាលរូបនេះ បានដកហូតរថយន្ត សង្រ្គោះបន្ទាន់របស់វិទ្យុ ABC ដែលប្រើប្រាស់សម្រាប់ ដឹកជញ្ជូនជនរងគ្រោះផង និងដឹកផលិតផលរបស់ ABC ផង ខណៈដែលវិស័យ សុខាភិបាលការរិះគន់ពីកម្សោយ ឬយឺតយ៉ាវក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភរថយន្តចំនួន២គ្រឿង ជូនដល់វិទ្យុ ABC ដើម្បីឱ្យទុកសម្រាប់ប្រើប្រាស់ក្នុងន័យសប្បុរសធម៌ ហើយជាមួយគ្នានេះ សម្តេចបានបង្គាប់ឱ្យសាលារាជធានីភ្នំពេញ រៀបចំបំពាក់ស្លាកលេខសម្រាប់រថយន្តទាំងនោះផងដែរ។

កាលពីម្សិលមិញ លោក សុខ សុគន្ធ អតីតប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលត្រូវបានដកចេញពីតំណែងនោះ ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចតែងតាំង ជាអគ្គនាយករងបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាលផងដែរ៕