(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកព្រលឹមថ្ងៃទី១៦ ខែសីហានេះ បាននិងកំពុងធ្វើដំណើរតាមរថយន្ត ឆ្ពោះទៅកាន់ខេត្តតាកែវ ដើម្បីពិនិត្យសមិទ្ធផលជាតិ និងចុះសួរសុខទុក្ខមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ នៅខេត្តតាកែវ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុង Facebook របស់សម្តេចថា ទន្ទឹមនឹងការចុះជួបសំណេះសំណាលនេះ សម្តេចនឹងពិនិត្យលើបញ្ហាប្រឈមមួយចំនួន ដើម្បីរកដំណោះស្រាយ​សមស្របនានាជូនប្រជាពាពលរដ្ឋ។

ជាមួយគ្នានេះ សម្តេចតេជោ ក៏សូមអភ័យទោស ប្រសិនបើសម្តេចមិនបានចុះសួរសុខទក្ខបងប្អូន និងក្មួយៗ ចៅៗ គ្រប់ទីកន្លែង អាស្រ័យដោយពេលវេលាតិច និងធ្វើដំណើរផ្លូវឆ្ងាយផង។ សូមជូនពរជនរួមជាតិ ជួបតែសំណាងល្អ។

សូមបញ្ជាក់ថា នាពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ នៅខេត្តចំនួន១២ រួចទៅហើយ ក្នុងនោះមានដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពត កែប ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់។

ដំណើរចុះមកតាមខេត្តនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏តែងបានចូលជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស និងក្រុមអាជីវករ ហើយ តែងបានផ្តល់អគារសិក្សា និងបានដោះស្រាយ បញ្ហាទុក្ខលំបាកជូនក្រុមអាជីវករផងដែរ៕