(ភ្នំពេញ)៖ សកម្មជនដីធ្លីបឹងកក់២នាក់ គឺអ្នកស្រី ទេព វណ្ណី និងប៊ូវ សោភា ត្រូវបានកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ ចុះទៅឃាត់ខ្លួន ខណ:ដែលពួកគេ បាននិងកំពុងធ្វើសកម្មភាពយុទ្ធនាការអាវខ្មៅ។

យុទ្ធនាការអាវខ្មៅរបស់ សកម្មជនដីធ្លីខាងលើនេះ មិនត្រឹមតែប្រើរូបភាព ជាលក្ខណ:ប្រមូលផ្តុំនោះឡើយ គឺពួកគេបានធ្វើរួបត្លុក ជាមនុស្ស ដោយសរសេរថា មន្រ្តីពុករលួយ តុលាការ អ្នកបញ្ជាសម្លាប់ និងឃាតក ។ ពួកគេបានយករូបត្លុក ទាំងនេះទៅកប់ចោលនៅក្នុងរណ្តៅដែលជីករួច ស្ថិតនៅទីតាំងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះថា «ពិតជាមានការឃាត់ខ្លួនពួកគេមែន គឺ២នាក់ ម្នាក់ ទេព វណ្ណី និងម្នាក់ទៀត ប៊ូវ សោភា ហើយគិតត្រឹមម៉ោង ១០:២០នាទី យប់នេះ ពួកគេស្ថិតនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសួរនាំ»

សូមបញ្ជាក់ថា នៅម៉ោង ៩៖០០ ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ សមត្ថកិច្ចខណ្ឌ៧មករា សហការជាមួយអាជ្ញាធរមូលដ្ឋាន បានឃាត់ខ្លួនសកម្មជនដីធ្លីបុរីកីឡា ៤នាក់ ដែលបានដឹកនាំធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីទាមទារឱ្យមានការដោះលែង មន្រ្តីសិទ្ធិមនុស្សអាដហុក និង អគ្គលេខាធិការរង គ.ជ.ប។

មនុស្ស ៤នាក់ ដែលត្រូវបានឃាត់ខ្លួននោះរួមមាន៖ 1.ឈ្មោះ ស ស៊ន ភេទស្រីអាយុ ៥៧ ឆ្នាំ 2.ឈ្មោះភោគ សុភីន ភេទស្រី 3.ឈ្មោះណាត ស្រីណាក់ ភេទស្រី និង 4.ឈ្មោះនូ សាត ភេទប្រុស ជាសមាជិក CNRP សង្កាត់អូរឬស្សីទី១។ ពេលនេះពួកគេត្រូវបាន សមត្ថកិច្ចកំពុងធ្វើការសួរនាំ និងអបរំ នៅក្នុងអធិការដ្ឋាននគរបាល ៧មករា ។

យុទ្ធនាការអាវខ្មៅ ដែលបង្កើតឡើងដោយ អង្គការសង្គមស៊ីវិល និងជនមួយចំនួន ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ក្រោយពីមានការឃាត់ខ្លួន មន្រ្តីអាដហុក ៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ ។ ប៉ុន្តែយុទ្ធនាការនេះ ត្រូវបានហាមឃាត់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមហេតុផលថា ជាចលនាដែលមានលក្ខណៈជាបដិវត្តពណ៌។

សូមបញ្ជាក់ថា នៅថ្ងៃចន្ទទី១៥ ខែសីហានេះ តំណាងរាស្រ្តគណបក្សប្រឆាំងមួយចំនួន ក៏បានស្លៀកសំលៀកបំពាក់ខ្មៅនេះដែរ បន្ទាប់ពីគណបក្សនេះ បានប្រកាសចូលរួមយុទ្ធនាការ អាវខ្មៅជាបន្តបន្ទាប់ កាលពីសប្តាហ៍មុន៕