(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ លោក ថោង ខុន តំណាងឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ព្រមទាំងគ្រួសារកីឡាទាំងអស់តាមរយៈ អង្គភាពព័ត៌មាន Fresh News សូមផ្ញើនូវក្តីសង្ឃឹមយ៉ាងមុតមាំលើ វីរកីឡាការិនី កញ្ញា ស៊ន សៀវម៉ី និងសូមជូនពរដល់កញ្ញា សូមទទួលបានសុខភាពល្អកំលាំង ពលំខ្លាំងក្លាមាំមួន បញ្ញាវាងវៃ ដើម្បីដណ្តើមបានមេដាយ ជូនជាតិមាតុភូមិ ក្នុងការប្រកួតកីឡា តេក្វាន់ដូ នៅ Rio​ Olympic Games 2016 ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ នៅថ្ងៃទី២០ ខែសីហាខាងមុខនេះ។

សូមបញ្ជាក់ថា ស៊ន សៀវម៉ី នឹងចាប់ផ្តើមប្រកួតដំបូងក្នុង Rio 2016 នៅថ្ងៃទី២០ សីហា ក្នុងវគ្គ១៦នាក់ ដែលត្រូវជួបកីឡាការិនីជើងខ្លាំងហូឡង់ ដែលមានកម្ពស់ ១.៧៩ម៉ែត្រ ប្រភេទកីឡាតេក្វាន់ដូ វិញ្ញសាទម្ងន់លើស ៦៧គីឡូក្រាម (+67kg) ដែលមាន ១៦ប្រទេសប៉ុណ្ណោះ មានវិញ្ញាសាទម្ងន់ធ្ងន់នេះ។

យ៉ាងណាមិញ កីឡាការិនីកម្ពស់ ១,៨៣ម៉ែត្រ អាចនឹងទៅជួបកីឡាការិនីម៉ិចស៊ិក Maria Espinoza ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រសិនបើប្រកួតឈ្នះ កីឡាការិនីអាមេរិក ហើយប្រសិនបើឈ្នះទៀត អាចនឹងឡើងទៅជួបចិន ដើម្បីដណ្តើមយកមេដាយមាស នៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២១ ខែសីហា ដែលជាថ្ងៃចុងបញ្ចប់ព្រឹត្តិការណ៍ Rio Olympic Games 2016៕