(ម៉ៃឈៀង)៖ ប៉ូលិសថៃ បានបញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃនេះថា សាកសព​ចំនួន ៥ត្រូវបានរកឃើញនៅក្នុងតំបន់ Doi Inthanon បន្ទាប់ពី​ឧទ្ធម្ភាគចក្រ ដែលពួកគេជិះបានធ្លាក់នៅ​កាលពីថ្ងៃអាទិត្យ​ម្សិលមិញនេះ។ នេះ​បើយោងតាមការ​ចេញ​ផ្សាយរបស់​​កាសែតបាងកកប៉ុស្ដិ៍ ចេញផ្សាយនៅមុននេះបន្តិច។

ឧទ្ធម្ភាគចក្រជាប្រភេទ UH-72 បានបាត់តំណឹងតាំងពីវេលាម៉ោង ១០៖៣០នាទីព្រឹកថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីបានធ្វើការហោះហើរអស់រយៈពេល ៣០នាទី ដោយក្នុងនោះមាន​មនុស្ស ៥នាក់ ជា​ក្រុមជួយសង្គ្រោះ ដែល​មា​ន​បេសកកម្ម​ទៅកាន់ព្រំដែនមីយ៉ាន់ម៉ា ដើម្បីសង្គ្រោះជនរងគ្រោះដោយទឹកជំនន់។

នៅក្នុង​ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនេះ ត្រូវបានលោក Kosol Prathumchart ប៉ូលិសជាន់ខ្ពស់ប្រចាំតំបន់​បញ្ជាក់​ឲ្យដឹងថា មានទាហារ ៤០០នាក់ ព្រោះតំបន់ដែល​ឧទ្ធម្ភាគចក្រធ្លាក់នោះ សម្បូរដោយ​ផ្សែងអ័ព្ទ​យ៉ាងក្រាស ពិបាក​ក្នុងការធ្វើដំណើរ៕