(ពោធិ៍សាត់)៖ បុរសវ័យ៥៦ឆ្នាំម្នាក់ បានសម្រេចចិត្តចងក ធ្វើអត្តឃាតនឹងខ្សែក្រមា ក្នុងបន្ទប់ទឹក ដោយសារតែមានជំងឺប្រចាំកាយ​ ជាពិសេសមានសតិមិនល្អចេះតែដើរវង្វេងវង្វាន់។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើល​នេះ កើតឡើងនៅ​ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ នៅចំណុចភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក យ៉ែម យឿន អធិការរងនគរបាលស្រុក បាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ុន លឹម​ អាយុ ៥៦ឆ្នាំ មានកូនឈ្មោះ ស៊ឹម រក្សា ភេទស្រី អាយុ ១២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ លោកអធិការរង បានបន្តថា មូលហេតុដែលនាំឲ្យបុរសវ័យចំណាស់ សម្រេចចិត្តចងក ដោយសារតែរូបគាត់ មានជំងឺប្រចាំកាយជាប្រចាំ ជាពិសេសមានសតិមិនល្អ ចេះតែដើរវង្វេងវង្វាន់ ហើយប្រពន្ធមិននៅផ្ទះ ទៅធ្វើការរកស៊ីនៅប្រទេសថៃបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ព្រមទាំងបានស្រាវជ្រាវ និងពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាបានចងកនឹងខ្សែក្រមាព័ណ៌ក្រហម ​ក្នុងបន្ទប់ទឹកពិតប្រាកដមែន ហើយ​សាកសពត្រូវប្រគល់ឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕