(រតនគិរី)៖ ក្រុមចោរប្លន់ប្រដាប់អាវុធចំនួន៧នាក់ ដែលធ្លាប់ធ្វើសកម្មភាពបាញ់ប្លន់​​ យ៉ាងកក្រើកនៅតាមបណ្តាខេត្ត ហើយដែល ត្រូវបានបង្ក្រាបនៅទឹកដីស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នោះ នៅពេលនេះ នគរបាលខេត្តកំពង់ឆ្នាំង និងនគរបាលខេត្តរតនគិរី បានរួមគ្នាជជីកសួរនាំទៅ បែកធ្លាយថា ពួកគេចំនួន៥នាក់ ក៏ធ្លាប់ទៅប្លន់នៅទឹកដីខេត្តភាគឥសាន មួយនេះដែរ គឺចំនួន២ដងឯណោះ។ ដូច្នេះក្រុមចោរប្លន់ប្រដាប់អាវុធទាំងនេះ សរុបជារួមទៅគឺពួកគេធ្លាប់ដើរប្លន់ចំនួន៨ខេត្ត រួមមាន ខេត្តកំពង់ឆ្នាំង (ប្លន់ដំបូងគេ) ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តរតនគិរីនេះតែម្តង។

លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងនគរបាលខេត្តរតនគិរី ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះថា ដោយមានការណែនាំពីលោក ឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី ចុះសហការជាមួយកម្លាំងនគរបាល ខេត្តកំពង់ឆ្នាំង បានតស៊ូយកចម្លើយជាមួយ ក្រុមជនសង្ស័យចំនួន៧នាក់ ដែលនាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខេត្តកណ្តាល ធ្វើការបង្ក្រាបកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នោះពួកគេបាន សារភាពថា ក៏ធ្លាប់នៅខេត្តរតនគិរី២ដងផងដែរ។

លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា បានបញ្ជាក់ថា «ក្រោយពីបានប្រាស់ជំនាញយ៉ាងយកចិត្តទុកដាក់ នោះជនសង្ស័យចំនួន៥នាក់ ក្នុងចំណោម៧នាក់ បានឆ្លើយសារភាពជាប់ពាក់ព័ន្ធ ក្នុងករណីប្លន់ប្រដាប់អាវុធនៅក្នុងខេត្តរតនគិរី ចំនួន២ករណី។ ករណីទី១ប្រព្រឹត្ត កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង៧៖២០នាទីយប់ នៅចំណុចផ្ទះទិញលក់ដំឡូង ស្ថិតក្នុងភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ មានបក្ខពួក៤នាក់ បានចូលធ្វើសកម្មភាព មានអាវុធអាកា១ដើម អាវុធខ្លី១ដើម ដែកស្បែង១ រថយន្តហាយឡែនឌ័រ១គ្រឿង ហើយសម្ភារៈដែលយកបានពួកគេ បានបែងចែកគ្នាម្នាក់ៗបានលុយខ្មែរ ចំនួន១៣លានរៀល និងលុយដុល្លារ១៣០០។ ករណីទី២ ប្រព្រឹត្តកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៨៖៣០នាទីយប់ នៅចំណុចអូរទទឹង ផ្ទះទិញ លក់ដំឡូង ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង១ស្រុកលំផាត់ ដែលមានបក្ខពួកចំនួន៥នាក់ ចូលធ្វើសកម្មភាពប្រើប្រាស់អាវុធវែង១ដើម អាវុធខ្លី២ដើម ដែកស្បែង១ និងរថយន្តហាយឡែនឌ័រ១គ្រឿង»។

បើតាមស្នងការរងរូបនេះ នេះជាការដាក់បន្ទុកបន្ថែមទៀត ទៅលើក្រុមចោរប្លន់ទាំងនេះ។ សូមបញ្ជាក់ថា ក្រុមចោរប្លន់ទាំងនេះ ត្រូវបានកម្លាំងនគរបាលបង្ក្រាប រហូតបាញ់បាក់ជើងម្នាក់ នៅទឹកដីឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ រហូតដកហូតកាំភ្លើង ៣ដើម រថយន្តមួយគ្រឿង និងសម្ភារមួយចំនួនទៀត។

បើតាមសមត្ថកិច្ច បើកុំតែបង្ក្រាបទាន់ពេលនោះ កុំអីពួកគេ នឹងចូលប្លន់ផ្ទះលក់មាស លក់សាំង និងផ្ទេរប្រាក់ Wing ស្ថិតនៅតាមផ្លូវ ចូលវត្តធន់មន់ បាត់ទៅហើយ ពីព្រោះពួកគេបានរៀបគម្រោងរួចជាស្រេច។

សម្រាប់ចោរទាំងនេះ ត្រូវបានតុលាការខេត្តកំពង់ឆ្នាំង ឃុំខ្លួនដាក់ពន្ធនាគារបាត់ហើយ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រោយពេលនគរបាល ខេត្តដែលជាម្ចាស់ករណីបានបញ្ជូនទៅ។ បើតាមសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ក្រុមចោរទាំងនេះ កាលពីឆ្នាំ២០១៤ បានបាញ់ប្លន់ យកគ្រឿងអលង្ការជាច្រើន ពីអាជីវករលក់មាសនៅផ្សារព្រៃខ្មែរ ស្រុករលាប្អៀរ បណ្តាលឲ្យជនរងគ្រោះ លោក រដ្ឋា អាយុ៣១ឆ្នាំស្លាប់ និងប្អូនស្រី រងរបួសធ្ងន់ស្ទើរតែពិការទៀតផង។

ក្រៅពីប្លន់នៅខេត្តរតនគិរីនោះ សមត្ថកិច្ចបានបង្ហាញថា ខេត្តចំនួន៧ទៀត ដែលពួកគេបានធ្លាប់សកម្មភាពរួមមាន:
១.ខេត្តព្រៃវែង ០២ លើក
-(ថ្ងៃទី២៧.០៣.២០១៥ ភូមិដូនយូ ឃុំជីខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង)
-(ថ្ងៃទី២៩.០៤.២០១៦ ភូមិព្រែកពោធិ ឃុំ រំលិច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង)
២.ខេត្តកំពង់ឆ្នាំង ០២ លើក
-(ថ្ងៃទី២១.១០.២០១៤ ផ្សារព្រៃខ្មែរ ភូមិ ព្រៃខ្មែរ ឃុំរលាផ្អៀ  ស្រុករលាផ្អៀ ខេត្តកំពង់ឆ្នាំង)
-(ថ្ងៃទី៣១.០៧.២០១៦ ភូមិរ៉ា ឃុំត្បែងខ្ពស់  ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង)
៣.ខេត្តតាកែវ ០២ លើក
-(ថ្ងៃទី០៥.០៥.២០១៥ ភូមិ ឃុំ ស្រុកទ្រាំង ខេត្តតាកែវ)
-(ថ្ងៃទី០៩.០៧.២០១៥ ភូមិសីហា ឃុំ ចំបក់ ស្រុកបាទី ខេត្តតាកែវ)
៤.ខេត្តក្រចេះ ០១ លើក
(ថ្ងៃទី២៤.០៧.២០១៦ ភូមិត្រពាំងស្រែ ឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ)
៥.ខេត្តត្បូងឃ្មុំ ០១ លើក
(ថ្ងៃទី២៨.០៧.២០១៦ ភូមិដា ឃុំ  ស្រុកមេមត់ ខេត្តត្បូងឃ្មុំ)
៦.ខេត្តកំពង់ចាម ០១ លើក
(ថ្ងៃទី២៦.០៥.២០១៦ ភូមិពង្រ ឃុំ ស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម)
៧.ខេត្តកណ្ដាល ០១ បង្ក្រាប ចាប់ខ្លួន ០៦នាក់ ពេលកំពុងដើរមើលរកទីតាំងប្លន់
(ថ្ងៃទី០៤.០៨.២០១៦ ភូមិអំពិលលាស់ ឃុំ ក្រាំងយ៉ូង ស្រុកស្អាង ខេត្តកណ្ដាល)៕