(ភ្នំពេញ)៖ បន្ទាប់ពីមានការប្រកាសចូលរួមយុទ្ធនាការអាវខ្មៅ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេដឹងថា ជាពន្លកនៃបដិវត្តពណ៌ខ្មៅនៅកម្ពុជានោះ ថ្មីៗនេះលោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានចេញមកប្រកាសនៅលើទំព័រ Facebook របស់លោក កឹម សុខា តាមរយៈវីដេអូថា «គណបក្សសង្គ្រោះជាតិបង្កើតក្រុមជំនាញចំនួន១០ក្រុម ដែលហៅថា រដ្ឋាភិបាលស្រមោលឱ្យមានចំនួនស្របតាម ស្ថាប័នសំខាន់ៗ របស់រាជរដ្ឋាភិបាល ត្រៀមគ្រប់គ្រងរដ្ឋាភិបាលពេលឈ្នះឆ្នោត»

រដ្ឋាភិបាលបាលស្រមោល គឺជាការបង្កើត តែងតាំង រៀបចំរចនាសម្ព័ន្ធមនុស្សត្រៀមសម្រាប់ជំនួសអ្នកដឹកនាំបច្ចុប្បន្ន ប្រសិនបើមានរឿងអកុសលអ្វីមួយកើតឡើង មនុស្សដែលគេតែងតាំងទាំងនោះនឹងឡើងគ្រប់គ្រងជំនួសអ្នកគ្រប់គ្រងបច្ចុប្បន្ន អាចនិយាយបានថា បក្សប្រឆាំងបង្កើតរដ្ឋាភិបាលស្រមោលនេះទុកឱ្យហើយ ចាំដល់ពេលខ្លួនធ្វើបដិវត្តពណ៌ខ្មៅបានសម្រេច នឹងឡើងដណ្តើមអំណាចតែម្តង។ នេះគឺជាភស្តុតាងថ្មីមួយទៀតដែលបង្ហាញថា បក្សប្រឆាំងពិតជាមានគម្រោង ធ្វើរដ្ឋប្រហារដោយបដិវត្តពណ៌ខ្មៅ រួចដណ្តើមអំណាចដោយបានត្រៀមរចនាសម្ព័ន្ធគ្រប់គ្រង ជារដ្ឋាភិបាលស្រមោលរបស់ខ្លួនរួចជាស្រេច។

ពាក់ព័ន្ធនឹងមហិច្ឆតាចង់គ្រប់គ្រងប្រទេសកម្ពុជាដោយរំលោភលិទ្ធិប្រជាធិបតេយ្យ ពីសំណាក់គណបក្សប្រឆាំងនេះ ត្រូវបានលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានលើកឡើងថា «ផែនការរបស់គណបក្សសង្គ្រោះជាតិ បង្កើតគណៈរដ្ឋមន្ត្រីស្រមោលគឺខុសច្បាប់ ហើយសមត្ថកិច្ចនឹងមិនអនុញ្ញាតឡើយ គ្មានមូលដ្ឋានច្បាប់សម្រាប់សកម្មភាពបែបនេះឡើយ ហើយមានតែរដ្ឋាភិបាលប៉ុណ្ណោះ ដែលអាចតែងតាំងគណៈរដ្ឋមន្ត្រី គ្មានច្បាប់ណាអនុញ្ញាតឱ្យគណបក្សបង្កើតគណៈរដ្ឋមន្ត្រីស្រមោលទេ វាខុសច្បាប់ រដ្ឋសភានឹងមិនទទួលស្គាល់អ្វីដែលពួកគេកំពុងធ្វើឡើយ ហើយនឹងមានចំណាត់ការពីរដ្ឋាភិបាល»។ លោក ឡេង ប៉េងឡុង បានសង្កត់ធ្ងន់ថា «ខ្ញុំជឿថា រដ្ឋាភិបាល ឬក៏ក្រសួងមហាផ្ទៃនឹងចាត់វិធានការ»។ បន្ថែមពីលើនេះលោកបណ្ឌិត សុខ ទូច បានលើកឡើងថា ការបង្កើតរដ្ឋ ដោយមានរដ្ឋាភិបាលមិនស្របច្បាប់ ឬជារដ្ឋាភិបាលបាលស្រមោល ជាការបង្កើតតំបន់អប្បគមន៍។

រឿងដែលមិននឹកស្មានដល់នោះ គឺបន្ទាប់ពីមានប្រតិកម្មខ្លាំងពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងការរិះគន់ពីប្រជាពលរដ្ឋ និងអ្នកច្បាប់ជាច្រើននោះ វីដេអូដែលលោក សុន ឆ័យ និយាយនោះត្រូវបានលុបចេញពីទំព័រ Facebook លោក កឹម សុខា ដោយបង្ហោះសារជាថ្មីនូវវីដេអូដដែល ប៉ុន្តែកាត់ចំណុចដែលលោក សុន ឆ័យ និយាយថា បង្កើតរាជរដ្ឋាភិបាលស្រមោលនោះចេញ។ ក៏ប៉ុន្តែវិធានការកំសាកមិនហ៊ានទទួលខុសត្រូវនោះ គឺវាហួសពេលហើយ ព្រោះវីដេអូនោះ ត្រូវបានអ្នកលេង Facebook ជាច្រើនទាញយកមករក្សាទុក ហើយបង្ហោះពាសពេញបណ្តាញផ្សព្វផ្សាយសង្គម Facebook ជាងនេះទៅទៀត ក្រុមសារព័ត៌មានដែលបន្ទរបក្សប្រឆាំង បានផ្សព្វផ្សាយយ៉ាងលឿនពីរឿងរ៉ាវដ៏រសើបមួយនេះផងដែរ ដែលមានដូចជា កាសែត The Cambodia Daily បានចុះផ្សាយថា «មន្ត្រីថា ផែនការគណៈរដ្ឋមន្ត្រីស្រមោលរបស់សង្គ្រោះជាតិ ខុសច្បាប់» និងកាសែត Phnom Penh Post បានចុះផ្សាយជាភាសាបរទេសថា «គណបក្សសង្គ្រោះជាតិ បង្កើតរដ្ឋាភិបាលស្រមោល ដើម្បីរៀបចំគ្រប់គ្រងប្រទេសជាតិប្រសិនបើឈ្នះឆ្នោត»

លើសពីការលុបចោលនូវវីដេអូ និងការអត្ថាធិប្បាយនៅលើទំព័រ Facebook លោក កឹម សុខា នោះ គឺនៅថ្ងៃនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សង្គ្រោះជាតិ បែរជាចេញមុខមកប្រកែកចំពោះមុខអ្នកសារព័ត៌មានថា មិនមានការបង្កើតរាជរដ្ឋាភិបាលស្រមោលនោះទេ ហើយបំភ្លៃថា វាមិនមែនជារដ្ឋាភិបាលស្រមោលទេ គ្រាន់តែជាក្រុមធ្វើការជួយឱ្យយោបល់ដល់គណៈកម្មការ ដែលគ្រប់គ្រងដោយគណបក្សសង្គ្រោះជាតិនៅក្នុងរដ្ឋសភាទៅវិញ។

ប៉ុន្តែជាក់ស្តែងគណបក្សសង្គ្រោះជាតិគ្រប់គ្រងតែ ៥ គណៈកម្មការតែប៉ុណ្ណោះក្នុងរដ្ឋសភា ដូច្នេះលោក យឹម សុវណ្ណ ពន្យល់យ៉ាងណាចំពោះសម្តីរបស់លោក សុន ឆ័យ ដែលបាននិយាយថាបង្កើតរហូតទៅ ១០ក្រុមឲ្យស្របតាមស្ថាប័នសំខាន់ៗរបស់រាជរដ្ឋាភិបាល ដែលជារដ្ឋាភិបាលស្រមោល? ម៉្យាងវិញទៀត ក្នុងចេតនាបិទបាំង បំភ័ន្តប្រជាពលរដ្ឋ និងជួយការពារ លោក យឹម សុវណ្ណ និងលោក សុន ឆ័យ នៅថ្ងៃនេះ លោក សម រង្ស៊ី ក៏ចេញមកភូតកុហកទៀតថា មិនមានការបង្កើត រដ្ឋាភិបាលស្រមោលឡើយ បើទោះជាគេមានទាំងវីដេអូ និងសកម្មភាពរបស់លោក សុន ឆ័យ យ៉ាងនេះក្តី។

ទង្វើនេះត្រូវបានប្រជាពលរដ្ឋខ្មែរមើលឃើញថា ថ្នាក់ដឹកនាំក្នុងបក្សសង្គ្រោះជាតិសុទ្ធតែជាមនុស្សខ្វះទំនួលខុសត្រូវ មិនទទួលស្គាល់នូវអ្វីដែលខ្លួនបាននិយាយ បានប្រព្រឹត្ត។ មានភ័ស្តុតាងគ្រប់គ្រាន់ជាវីដេអូ ថែមទាំងមានសកម្មជនបក្សប្រឆាំងជាសាក្សីរាប់សិបនាក់អង្គុយស្តាប់ផ្ទាល់ នៅហ៊ានចេញមុខមកនិយាយកុហក កាឡៃតាមតែអំពើចិត្ត វាមិនខុសពីប្រធានបក្សប្រព្រឹត្តខុសច្បាប់ហើយរត់ចោលស្រុក និងអនុប្រធានបក្សមានរឿងអាស្រូវផ្លូវភេទ មានទាំងភ័ស្តុតាងជា ខ្សែរអាត់សម្លេងហើយ ប្រកែកមិនឈ្លោះ មិនឆ្លើយ មិនឆ្លងនោះទេ។

សំដីរបស់ លោក យឹម សុវណ្ណ ដែលខំប្រឹងចេញមកនិយាយលុបលាងសម្តី ដោយចេតនារបស់លោក សុន ឆ័យ នាពេលនេះ ក៏ប្រៀបបាននឹងការទះកំផ្លៀងលោក សុន ឆ័យ ឲ្យភ្ញាក់ខ្លួនផងដែរ ដែលខ្លួនមានតួនាទីរហូតដល់ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ តំណាងឲ្យតំណាងរាស្ត្របក្សប្រឆាំងទាំងអស់ បែរជាមានមាត់ឥតគម្រប ហ៊ានទម្លាយកិច្ចការផ្ទៃក្នុងបក្សចេញទៅក្រៅ អាចនឹងនាំឲ្យមានរឿងធំដល់បក្ស។ ម៉្យាងទៀត គេផ្តោតជាចម្ងល់ថា តើនៅក្នុងបក្សប្រឆាំងកំពុងស្ថិតក្នុងភាពអាណាធិបតេយ្យមែនឬ បានជាអ្នកតំណាងរាស្ត្រ និងមេបក្សគ្រប់គ្រងផ្ទៃក្នុងមិនបាន?

គួរបញ្ជាក់ផងដែរថាប្រហែលជា ១០ឆ្នាំមុន បក្សប្រឆាំងធ្លាប់បង្កើតរដ្ឋាភិបាលស្រមោលម្តងរួចមកហើយ ដោយលោក ជាម ច័ន្ទនី ជាទីបំផុត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយ តុលាការយោធាកាត់ទោសឱ្យជាប់គុកពីបទរៀបចំគម្រោងបង្កើតកងទ័ព ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដោយលោកបានចំណាយពេលនៅ ក្នុងគុកអស់រយៈពេល ១ឆ្នាំ៣ថ្ងៃ ទើបត្រូវបានរួចខ្លួននៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០០៦។

ហេតុការណ៍ទាំងពីរនេះគ្រប់គ្រាន់នឹងបញ្ជាក់ថា គណបក្សសង្គ្រោជាតិ ពិតជាមានគម្រោងចង់ធ្វើបដិវត្តពណ៌នៅប្រទេសកម្ពុជាយ៉ាងពិតប្រាកដ ដែលជាការព្រួយបារម្ភ យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងតែទទួលផលពីសុខសន្តិភាព និងការអភិវឌ្ឍ ដែលមានសព្វថ្ងៃ។ បក្សប្រឆាំងធ្លាប់មានបទពិសោធន៍ បរាជ័យក្នុងការបង្កើតរដ្ឋាភិបាលស្រមោលនេះម្តងរួចមកហើយ រហូតដល់ថ្នាក់ដឹកនាំបក្សខ្លួនជាប់ទោសទៅទៀត ប៉ុន្តែនៅតែព្រហើនមើលស្រាលច្បាប់ ដែលមានជាធរមាន។ នេះគឺជាមធ្យោបាយក្នុងការដណ្តើមអំណាចដ៏គ្រោះថ្នាក់មួយទៀត ដែលគណបក្សប្រឆាំង យកមកប្រើប្រាស់ដោយ មិនគិតពីសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ។ និយាយជារួម គឺល្បិចទុច្ចរិតរបស់អ្នកនយោបាយប្រជាភិថុត នៃបក្សប្រឆាំង ដែលស្រេកឃ្លានអំណាចហួសហេតុ និងការប៉ុនប៉ងបង្កអស្ថិរភាពសង្គមម្តងហើយម្តងទៀត មិនអាចលាក់បាំងនូវការពិតបានឡើយ។ ល្បែងថ្ពិនភ្នែកនេះ អាចនឹងត្រូវរាជរដ្ឋាភិបាលសង្កត់ជាប់ ដោយផ្អែកលើមូលដ្ឋានច្បាប់រឹងមាំ និងអាចនឹងប្រឈមមុខផ្លូវច្បាប់៕

អត្ថបទដោយ៖ បាន វិភាគ