(ភ្នំពេញ)៖​ រថយន្តព្រុសមួយគ្រឿង ខ្ទេចមុខយ៉ាងដំណំ ខណៈម្ចាស់ពុំមានរងរបួសនោះទេ បន្ទាប់បើកបុករនាំងដែកបាក់អស់៩ផ្ទាំង​ ដែលហេតុការណ៌នេះ បានកើតឡើងនាម៉ោង ៣៖៥០នាទីទៀបភ្លឺ​ ថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០១៦​ នៅតាមមហាវិថីព្រះមុនីវង្ស​ ជិតស្តុប​ពេទ្យចិន​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២​ ខណ្ឌ​ចំការមន​។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នៅម៉ោងប្រមាណជាង៣ទៀបភ្លឺ គេបានឃើញបុរសម្នាក់ មានអាការស្រវឹង បានបើករថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-5125 ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន តាមហាវិថីព្រះមុនីវង្ស លុះបើកមកដល់ចំណុចកើតហេតុ​ ជិតភ្លើងស្តុបពេទ្យចិន​ បុរសដែលមានអាការស្រវឹង​រូបនោះ បានបើករថយន្តរ៉េ ទៅបុករនាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់រាបដល់ដីចំនួន៩ផ្ទាំង​ និងរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ តែមិនបណ្តាលឲ្យបុរស ដែលជាម្ចាស់រថយន្តរងរបួសនោះទេ​។

ក្រោយកើតហេតុ​ រថយន្តត្រូវបានមន្ត្រីជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សារទុក នៅការិយាល័យចរាចរណ៌ផ្លូវគោក នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បី​ដោះស្រាយគ្នានៅពេលក្រោយ​៕