(សេអ៊ូល)៖ សមាជិករដ្ឋសភារបស់កូរ៉េខាងត្បូង មកពីគណបក្សប្រឆាំងចំនួនបី នឹងធ្វើការប្រមូលផ្តុំប្រជាជនប្រឆាំង ការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD នៅលើទឹកដីប្រទេសនេះ ហើយបើងាកទៅមើល ប្រទេសរុស្ស៊ីវិញ ផែនការដាក់ពង្រាយទ័ពនិងមីស៊ីល នៅភាគខាងកើតនោះកំពុងលេចចេញ ជារូបរាងបណ្តើរហើយ។ នេះបើតាមការ ចេញផ្សាយនៅមុននេះបន្តិច ដោយស៊ិនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០១៦។

សមាជិករដ្ឋសភាមកពីបក្សប្រឆាំងទាំងបីនោះមានដូចជា គណបក្ស Minju, យុត្តិធម៌ជនជាតិភាគតិច, និង គណបក្សប្រជាជន បានរៀបចំកិច្ចប្រជុំបិទទ្វារមួយ នៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាអំពីវិធី ដើម្បីទាក់ទាញប្រជាជន ឲ្យមកចូលរួមក្នុងយុទ្ធនាការប្រឆាំងការបំពាក់ THAAD នាពេលឆាប់ៗខាងមុខនេះ។ ប្រព័ន្ធ THAAD នឹងត្រូវបំពាក់ នៅកូរ៉េខាងត្បូង នាចុងឆ្នាំ២០១៧ ខាងមុខ បន្ទាប់ពីបានសម្រេច កិច្ចព្រមព្រៀងជាមួយអាមេរិក។

ងាកទៅមើលប្រទេសរុស្ស៊ីវិញ យោធារុស្ស៊ីបាននិងកំពុងធ្វើតេស្តចង្កោមគ្រាប់មីស៊ីលរបស់ខ្លួន នៅភាគខាងកើត នៃតំបន់ឧបទ្វីប Kamchatka នោះហើយ ដោយវាទទួលបានលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើល។ មុននឹងបំពាក់រុស្ស៊ី បានរៀបចំសមយុទ្ធទុកជាមុនដែលមានយោធាជាង ៥០០នាក់ និង សព្វាវុធពិសេសៗ ៩០គ្រឿងទៀតចូលរួម។ ទីតាំងភាគខាងកើតនេះគឺជាតំបន់យុទ្ធសាស្ត្រយោធាមួយរបស់រុស្ស៊ី ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១០ ដើម្បីបង្កើនកិច្ចការពារតំបន់ភូមិភាគខាងកើត ដែលស្ថិតនៅក្បែរ ឧបទ្វីបកូរ៉េ ចិន និងប្រទេសជប៉ុន៕