(ម៉ានីល)៖ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Perfecto Yasay នៅថ្ងៃព្រហស្បតិ៍នេះ បាន​អំពាវនាវឲ្យរដ្ឋាភិបាលចិន ឲ្យគោរពច្បាប់ដែនសមុទ្រ និងនីតិរដ្ឋ ដើម្បី​ដោះស្រាយដោយសន្ដិវិធី​ទៅលើ​ទំនាស់​ទាំងនៅក្នុង​សមុទ្រចិន​ខាងត្បូង និង​សមុទ្រចិនខាងកើត។ នេះ​បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី១១ ខែសីហា។

«យើង...ជំរុញឲ្យប្រទេសចិន ត្រូវតែគោរព និងអនុវត្តតាមច្បាប់សមុទ្រជាដាច់ខាត»។ នេះជាសំដីរបស់លោក Yasay ថ្លែង​ទៅកាន់អ្នកសារព័ត៌មាន ក្រោយពីបញ្ចប់កិច្ចប្រជុំទ្វេភាគី​ជាមួយនឹងសហភាគីជប៉ុន ទៅលើ​បញ្ហាសមុទ្រចិនខាងត្បូង និង​ខាងកើត។

ថ្ងៃទី១២ ខែកក្កកដា កន្លងទៅនេះ តុលាការអន្តរជាតិឡាអេ បានប្រកាសសម្រេច​កាត់ក្ដី​ឲ្យ​ប្រទេសហ្វីលីពីន ឈ្នះចិន ទៅលើ​ជម្លោះសមុទ្រចិនខាងត្បូង ប៉ុន្តែចិនមិនព្រមទទួលយកការសម្រេចរបស់តុលាការនោះទេ។

គួរបញ្ជាក់ផងដែរថា ជប៉ុនមាន​ទំនាស់ជាមួយចិន នៅសមុទ្រចិនខាងកើត ខណៈដែល​ហ្វីលីពីនមានទំនាស់ជាមួយ​ចិន នៅ​សមុទ្រចិនខាងត្បូង៕