(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ បានចុះសម្របសម្រួល និងដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ប្រកបដោយប្រសិទ្ធភាព និងជឿជាក់​បំផុតជូនបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកភ្នំក្រវាញ ដែលជាភាគីទំនាស់ទាំងសងខាងចំនួន០៦ករណីផ្សេងគ្នា។

ក្នុងកិច្ចដំណោះស្រាយក្រៅប្រព័ន្ធតុលាការនេះ ត្រូវបានធ្វើឡើងនៅសាលាឃុំសំរោង ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរស្រុក និងភាគីដែលពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ម៉ៅ ធនិន បានថ្លែងថា ដើម្បីដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាព និងគ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា តម្រូវឲ្យភាគីទាំងសងខាងបើកចិត្តឲ្យទូលាយ និយាយដោយ​ភាពស្មោះត្រង់ត្រឹមត្រូវ ហើយត្រូវសម្បទានគ្នាទៅវិញទៅមក លោកនឹងធ្វើការដោះស្រាយជូន។ លោកថា «លុយយើងអាចរកមកពេលណាក៏បាន  គ្រាន់តែយូរហើយនឹងឆាប់ ក៏ប៉ុន្តែចំណងមិត្តភាព អ្នកភូមិផងរបងជាមួយគឺមានជារៀងរហូត»។ ជាមួយគ្នានោះបើបងប្អូនស្រុះស្រួលគ្នាហើយ លោកនឹងចាត់ឲ្យមន្ទីរជំនាញ រៀបចំប្លង់កម្មសិទ្ធិជូនឲ្យបានឆាប់រហ័ស។

គួរបញ្ជាក់ថា ទំនាស់ដីធ្លីចំនួន០៦ករណីផ្សេងគ្នានោះរួមមាន ៖
១- រវាងភាគី (ក) ឈ្មោះ នូ តាល់, ឡុង អ៊ិត ជាមួយភាគី (ខ) ឈ្មោះ ជា ចាន់ថន លើទំហំដីប្រមាណ១៥ហិកតា នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ(បញ្ចប់)។
២- រវាងភាគី (ក) ឈ្មោះ ង៉ែត សារិន ជាមួយភាគី (ខ) ឈ្មោះ មាស ស្រេង លើទំហំដី ៦០អា នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ (បញ្ចប់)។
៣- រវាងភាគី (ក) ឈ្មោះ ដាង ភឿង ជាមួយភាគី (ខ) ឈ្មោះ សាន់ សុខ លើទំហំដី ៧,៥ហិកតា នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ (បន្តនៅដើមខែកញ្ញា)។
៤- រវាងភាគី (ក) ឈ្មោះ ម៉ែន ឈួន ជាមួយភាគី (ខ) ប្រជាពលរដ្ឋ ១៧គ្រួសារ លើទំហំដីច្រកផ្លូវ ២ម៉ែត្រ នៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ (បន្តតាមនីតិវិធី)។
៥- រវាងភាគី (ក) ឈ្មោះ វង់ សារឿន ជាមួយភាគី (ខ) ឈ្មោះ លី ជីវ លើទំហំដី ៥ហិកតា នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ (បញ្ចប់)។
៦- រវាងភាគី (ក) ឈ្មោះ ឈាន ស្រីណាក់ ជាមួយភាគី (ខ) ឈ្មោះ ចាន់ រី លើទំហំដី ៤ហិកតា នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ (បញ្ចប់)។

សម្រាប់យន្តការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់ក្រៅប្រព័ន្ធតុលាការ របស់លោក ម៉ៅ ធនិន ខាងលើនេះ បានធ្វើឲ្យភាគីទាំងសងខាងយល់ព្រម និងពេញចិត្តទទួល ព្រមទាំងបានដកពាក្យ​បណ្តឹងពីតុលាការវិញដើម្បី​បញ្ចប់ទំនាស់នេះចាប់ពីពេលនេះតទៅ៕