(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិកប្រចាំគណបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីលឡារី គ្លីនតុន និងក្រុម អ្នកគាំទ្រ បានចំណាយថវិកា៨៩លានដុល្លារហើយទៅលើការឃោសនារកសំឡេងឆ្នោត តាមកញ្ចក់ទូរទស្សន៍ ដោយ គិតត្រឹមតែពីអំឡុងខែកក្កដា មកដល់ខែសីហា នេះតែប៉ុណ្ណោះ ក្រោយពេលដែលលោកស្រីត្រូវបានតែងតាំងជាបេក្ខជន តែម្នាក់តំណាងគណបក្សដែលកំពុងដឹកនាំរដ្ឋាភិបាលអាមេរិក។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០១៦។

យោងតាមរបាយការណ៍របស់ទូរទស្សន៍ NBC ថវិកា៥២លានដុល្លារគឺត្រូវបានលោកស្រី គ្លីនតុន ចំណាយចេញពី ហោប៉ៅលោកស្រីផ្ទាល់ ខណៈក្រុមអ្នកគាំទ្របេក្ខជនជាស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រអាមេរិកនេះ បានមូលមតិគ្នាចំណាយ អស់ ៣៧លានដុល្លារ។ បើប្រៀបធៀបនឹងលោក Donald Trump បេក្ខជននៃគណបក្សសាធារណរដ្ឋនោះ គឺលោក មិនបានចំណាយលុយផ្សាយឃោសនាតាមទូរទស្សន៍ឡើយ ហើយការចំណាយរបស់លោក បានមកពីអ្នកគាំទ្រដែល ជួលម៉ោងរៀបឆាក និងវេទិកាឃោសនាក្នុងរយៈពេលដូចគ្នានោះ អស់តែ ៨,២លានដុល្លារប៉ុណ្ណោះ។

ប្រការខាងលើនេះ មិនមែនមានន័យថាមហាសេដ្ឋីក្រុងញូយ៉កលោក Trump គ្មានលទ្ធភាពក្នុងការចំណាយលុយ ឃោសនានោះទេ ប៉ុន្តែលោកគឺជាអតីតអ្នកជំនាញខាងលក់អចលនទ្រព្យ ដែលតែងតែចង់បានការផ្សព្វផ្សាយតាម ប្រព័ន្ធអ៊ីនធើណែត ដើម្បីបានជ្រួតជ្រាបពីអ្វីដែលខ្លួនចង់និយាយ និងបញ្ចុះបញ្ចូលទៅកាន់ក្រុមអ្នកគាំទ្រ។ យ៉ាងណា ក៏ដោយកាលពីខែកក្កដា កន្លងទៅនេះ មានអ្នកពិភាក្សាពីរឿងលោកស្រី គ្លីនតុន ចំនួន ៧២លាននាក់ឯណោះ នៅក្នុងបណ្តាញសង្គមនានា។

គួរបញ្ជាក់ថា តាមការគណនាកន្លងមកនេះ ការចំណាយរបស់លោក Trump តាមអ៊ីធើណែត បើគិតជាតម្លៃលើ ទូរទស្សន៍វិញនោះគឺស្មើនឹង ២ពាន់លានដុល្លារទៅហើយ ដោយគេរំពឹងថាលោកនឹងអាចចំណាយដល់ ៥ពាន់លាន ដុល្លារឯណោះនៅអំឡុងមុនការបោះឆ្នោត ឈានចូលមកដល់៕