(ភ្នំពេញ )៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានថ្លែងឲ្យដឹងថា វិស័យសំណង់នៅប្រទេសកម្ពុជា មានការរីកចម្រើនខ្ពស់ ខណៈសំណង់អគារចាប់ពី៥ជាន់ឡើងទៅ មានជាង ៦០០កន្លែង និងសំណង់បុរីចំនួន១១០ទីតំាង ហើយសំណង់ទាំងនោះ បានពង្រាយពេញទាំង១២ខណ្ឌ រាជធានីភ្នំពេញ ដោយនេះមិនទាន់រាប់បញ្ជូលសំណង់ ដែលនៅតាមបណ្ដាខេត្ដ​នានានោះទេ។

លោកបានលើកឡើងបែបនេះ ក្នុងកម្មវិធីសំណេះសំណាល និងពិភាក្សាការងារ រវាងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន ជាមួយសាលាធានីភ្នំពេញ នាសណ្ឋាគារកាំបូឌីយ៉ាណា ដើម្បីរឹតចំណងសាមគ្គីភាព និងដាក់យន្ដការ ភាពជាដៃគូ  ដោយស្របនឹងផែនការសមាគមបាន រៀបចំឲ្យមានយន្ដការជួបសំណេះសំណាលជាដៃគូជាមួយអាជ្ញាធរដែលពាក់ព័ន្ធនឹងវិស័យលំនៅឋាន ដែលមានការចូលរួមពីស្ថានប័នពាក់ព័ន្ធទាំងអស់។

លោកបន្ដថា «តាមរយៈការបង់ពន្ធលើវិស័យអភិវឌ្ឍន៍លំនៅឋាន ហើយការបង់ពន្ធលើវិស័យនេះស្ថិតនៅចំណាត់ខ្ពស់ បន្ទាប់ពីវិស័យឧស្សាហកម្ម និងវិស័យពាណិជ្ជកម្មផ្សេងទៀត ជួយរុញកំណើនសេដ្ឋកិច្ចជាតិ និងបានលើកកម្ពស់កិត្ដិយសមុខមាត់កិត្យានុភាពជាតិកម្ពុជា  ចំពោះអន្ដរជាតិផងដែរ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា ទទួលស្គាល់ថា កម្ពុជាមានសន្ដិភាព ស្ថេរភាព និងការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈភាពបំផុត»

លោកឧកញ៉ា ថ្លែងបន្ដថា ស្របពេលភាពរីកចម្រើនលើ​វិស័យលំនៅឋានដោយឥតឈប់ឈរ ដែលជាផ្នែកមួយនៃឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ រួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យកម្ពុជា មិនថានៅទីក្រុងភ្នំពេញ សូម្បីតែនៅតាមបណ្ដាខេត្ដនានា ពិសេសដីវាលស្រែ ឬដីដែលបោះបង់មិនសូវមានតម្លៃ បែបជាត្រូវក្លាយជាដីមានតម្លៃហើយពោរពេញដោយសំណង់អគារទំនើបៗ បុរីលំនៅឋាន ផ្ទះល្វែង មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើប និងសំណង់ដែលមានលក្ខណៈទំនើបៗមានបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញផ្លូវ បណ្ដាញទឹក និងប្រព័ន្ធអគ្គិសនី រួមចំណែកលើកកម្ពស់ជីវភាពប្រជាជនរស់នៅសមរម្យ ផ្ដល់ឲ្យនិស្សិតមានការងារធ្វើរួមចំណែកក្នុងការជួយចំណូលរាជរដ្ឋាភិបាលផងដែរ។

លោកឧកញ៉ា បន្ដថា ទោះបីជាមានការសហការពី សំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យ៉ាងណាក្ដី ក៏នៅមានភាពអសកម្មមួយចំនួនផងដែរ ធ្វើឲ្យមានការព្រួយកង្វល់ យ៉ាងខ្លាំងដែលធ្វើឲ្យប៉ះពាល់ដល់ ការអភិវឌ្ឍសំណង់ ដូនេះលោកក៏បានសូមធ្វើការស្នើសុំនូវ៩​ចំណុច ដល់អភិបាលនៃគណៈភិបាលរាជធានីភំ្នពេញ លោក ប៉ាសុជាតិវង្ស រួមមាន៖ ប្រព័ន្ធលូ ,បង្គោលភ្លើង ,ដាក់ឈ្មោះ ឬលេខផ្លូវ ដែលក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ,ពន្លឿនលើឯកសារ ដែលពាក់ព័ន្ធ ក្នុងការស្នើសុំច្បាប់អនុញ្ញាតសាងសង់ ,បន្ថូរបន្ថយថ្លៃសេវាកម្មឲ្យទាបជាងមុន លើការសុំផ្ទេរសិទ្ធិប,
ណ្ណកម្មសិទ្ធិ,ស្នើរសុំមន្ទីរដែនដី និងនគររូបនីយកម្ម ជួយសម្រួលឲ្យបានឆាប់រហ័សលើការស្នើសុំបំបែកក្បាលដីតាមគម្រោងសំណង់បុរីនីមួយៗ ,ស្នើសុំគ្រប់អាជ្ញាធរ ជួយសម្រួលឲ្យបានឆាប់ ក្នុងការផ្ដល់សេវាកម្មគ្រប់លិខិតគតិយុត្ដិ ជួយសម្រួលឲ្យបានឆាប់ ,សុំគ្រប់អាជ្ញាធរ បន្ថូរបន្ថយគ្រប់ថ្លៃសេវាកម្មទាំងអស់ និងជួយសហការឲ្យបានលឿន លើ បណ្ដាញលូ ទឹក ភ្លើង ។

ជាកិច្ចឆ្លើយតប លោក ប៉ា សុជាតិវង្ស បានថ្លែងថា លោកនឹងជួយសម្រួល នូវចំណុចមួយណា ដែលសមស្របទៅនឹងច្បាប់ ពិសេសសម្រួលដល់ការរស់នៅ របស់ប្រជាពលរដ្ឋផ្ទាល់តែម្ដង ហើយលោកក៏ស្នើឲ្យស្ថាប័ន ពាក់ព័ន្ធទាំងអស់ក្នុងពិធីនេះ នឹងបើកកិច្ចពិភាក្សាឲ្យបានច្រើនដងបន្ថែមទៀត ដើម្បីកុំមានចំណុចខ្វះខាតមួយចំនួនកើតមានឡើង ព្រោះត្រូវចូលរួមចំណែកទាំងអស់គ្នា ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនទៅមុខ ៕