(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ បានចែករំលែកបទពិសោធន៍ ការងារបេតិកភណ្ឌអង្គរ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីបេតិកភណ្ឌ» ជាមួយយុវជនស្ម័គ្រចិត្ត បេតិកភណ្ឌពិភពលោក យុវជនស្ម័គ្រចិត្ត២៧រូប មកពី៧ប្រទេសផ្សេងគ្នា ដោយរួមទាំងកម្ពុជាផង ហើយគ្រោងនឹងចំណាយពេល ១២ថ្ងៃ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីសិក្សា និងទទួលបទពិសោធន៍អំពីការងារ អភិរក្សបេតិកភណ្ឌពិភពលោក អំពីអាជ្ញាធរជាតិអប្សរា។

​ពិធីនេះធ្វើឡើងក្រោមវត្តមាន ​លោក សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទេសចរណ៍អង្គរ លោក Philippe DELANGHE តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា លោក ឃឹម ហ្វ៊ីណង់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប និងកញ្ញា Boram SHIN នាយកវិទ្យាស្ថានកូរ៉េ-អង្គរ ដើម្បីបេតិកភណ្ឌ(KACHI)។

លោក សុខ សង្វារ លើកឡើងថា កម្មវិធីយុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌនេះ រៀបចំឡើងដោយកិច្ចសហការរវាងអង្គការយូណេស្កូ អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យាស្ថានកូរ៉េ-អង្គរដើម្បីបេតិកភណ្ឌ ហើយគោលបំណងនៃកម្មវិធីនេះ គឺជំរុញឲ្យយុវជនមានការចូលរួមនឹងការងារពាក់ព័ន្ធនឹងបេតិកភណ្ឌ។ លោក បន្ថែមថា រយៈពេល១២ថ្ងៃ នៃការស្នាក់នៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះ យុវជនស្ម័គ្រចិត្តនឹងបានស្វែងយល់អំពីការងាររបស់អាជ្ញាធរជាតិអប្សរា តាមរយៈបទបង្ហាញរបស់អ្នកជំនាញតាមផ្នែកផ្សេងៗ។ លើសពីនេះ លោកបន្ដថា យុវជនស្ម័គ្រចិត្តនឹងបានចូលរួមលើការងារជាក់ស្តែង ដូចជា ការចុះទៅជួបសហគមន៍ ការដាំដើមឈើ ការដើរតួនាទីជាភ្នាក់ងារទេសចរណ៍ និងចូលរួមធ្វើកំណាយជាមួយអ្នកជំនាញជាដើម។ លោកបានបញ្ជាក់ថា នេះគឺជាលើកទី៣ហើយ ដែលអាជ្ញាធរជាតិអប្សរាបានសហការរៀបចំឲ្យមានកម្មវិធីយុវជនស្ម័គ្រចិត្ត ដើម្បីបេតិកភណ្ឌពិភពលោក ដោយលើកទី១នៅឆ្នាំ២០១៣ លើកទី២នៅឆ្នាំ២០១៥។

តាមរយៈការងារស្ម័គ្រចិត្តលើការងារបេតិភណ្ឌនេះ លោក សុខ សង្វារ ជឿជាក់ថា យុវជននឹងមានការយល់ដឹងកាន់តែច្បាស់អំពីបេតិកភណ្ឌ ស្រឡាញ់បេតិកភណ្ឌ គោរពបេតិកភណ្ឌ ហើយនិងចូលរួមថែរក្សាបេតិកភណ្ឌដ៏មានតម្លៃគ្រប់គ្នា។ ជាពិសេស សកម្មភាពនេះក៏នឹងបង្ហាញភាពជាគំរូដល់យុវជន និងសាធារណជនដទៃទៀត ឲ្យបណ្តុះស្មារតីគោរពស្រឡាញ់ និងចូលរួមការពារបេតិកភណ្ឌទាំងអស់គ្នា។

សូមបញ្ជាក់ថា កម្មវិធីយុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌ បានបង្កើតឡើងនៅឆ្នាំ២០០៨ ក្នុងក្របខណ្ឌការអប់រំបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ដោយសហការជាមួយ គណៈកម្មការសម្របសម្រួល អន្តរជាតិផ្នែកកិច្ចការស្ម័គ្រចិត្ត ដើម្បីបង្កើនការចូលរួមចំណែក របស់យុវជន និងអង្គការចាត់តាំងយុវជន ក្នុងកិច្ចការងារលើកកម្ពស់ការថែរក្សា បេតិកភណ្ឌពិភពលោក។ ក្នុងរយៈពេល៨ឆ្នាំមកនេះ មានយុវជនចំនួន ៣៥០០នាក់ បានចូលរួមយ៉ាងសកម្មក្នុងការងារនេះ ហើយបានបោះជំរំចំនួន ២១៩ដង ដែលចូលរួមរៀបចំ ដោយអង្គការចាត់តាំងយុវជន ចំនួន៥២ស្ថាប័ន នៅប្រទេសចំនួន៤៦ប្រទេស។

កម្មវិធីយុវជនស្ម័គ្រចិត្តបេតិកភណ្ឌឆ្នាំ ២០១៦ ផ្តោតទៅលើប្រធានបទ ទាំងអស់គ្នាដើម្បីបេតិកភណ្ឌ ដើម្បីជំរុញការចូលរួមចំណែក របស់យុវជនក្នុងកិច្ចការបេតិកភណ្ឌ តាមរយៈការបង្កើតកិច្ចទំនាក់ទំនង រវាងគ្នាទៅវិញទៅមក និងរវាងយុវជននិងសហគមន៍មូលដ្ឋាន។ លើសពីនេះទៀត ប្រធានបទនេះក៏នឹងជំរុញឲ្យយុវជន បានយល់ដឹងកាន់តែច្បាស់អំពីសកម្មភាព ប្រចាំថ្ងៃនៃការគ្រប់គ្រងបេតិកភណ្ឌ អំពីជំនាញជាមូលដ្ឋាន នៃការងារថែរក្សានិងអភិរក្ស និងផ្លាស់ប្តូរបទពិសោធន៍ ជាមួយសហគមន៍មូលដ្ឋាន៕