(ភ្នំពេញ)៖ បន្ទាប់ពីបានប្រកាសប្រឆាំងជាមួយតំណាងរាស្រ្តឈ្លើយមួយរូប​ របស់អូស្រ្តាលី ប្រចាំនៅរដ្ឋវិតូរៀ ឈ្មោះ ហុង លីម ពីសំណាក់លោក ផៃ ស៊ីផាន តំណាងក្រុមអ្នកតវ៉ាប្រឆាំងនឹងបុគ្គលនោះ, ដោយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ លោក ផៃ ស៊ីផាន បានបន្តហៅបុគ្គល ហុង លីម ជាមនុស្សឥតពូជ 

និងសុំអរគុណដល់ព្រឹទ្ធសភា, រដ្ឋសភា, រដ្ឋាភិបាល និងស្ថានទូតអូស្រ្តាលី ដែលបង្ហាញនូវការចាប់អារម្មណ៍ខ្ពស់ និងបានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសដល់បុគ្គល ហុង លីម ដែលបោះបង់ និងមាក់ងាយដល់ពូជរបស់ខ្លួន។

«ក្នុងនាមខ្ញុំបាទ តំណាងអ្នកតវ៉ាប្រឆាំង ជាមួយនឹងបុគ្គលឥតពូជ ហុង លីម ខ្ញុំសូមសម្តែងអំណរគុណ គោរពជូនដល់ព្រឹទ្ធសភា រដ្ឋសភាជាតិ រដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងការបរទេស ដែលបង្ហាញនូវការចាប់អារម្មណ៍ខ្ពស់ និងបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ដល់បុគ្គល ហុង លីម ដែលបោះបង់ និងមាក់ងាយដល់ពូជរបស់ខ្លួន។ បន្ថែមពីនេះទៀត ខ្ញុំបាទសូមសម្តែង អំណរគុណ ជម្រាបជូនដល់ស្ថានទូតអូស្រ្តាលី ដែលបង្ហាញនូវជំហរ របស់ស្ថានទូតក៏ ដូចជា រដ្ឋាភិបាលអូស្រ្តាលី ដែលស្ថិតនៅក្នុងកិច្ចការពារ និងបន្តទៅមុខនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការណ៍យ៉ាងជិតសិ្នទ្ធរវាងកម្ពុជា និងអូស្រ្តាលី» នេះបើយោងតាមលោក ផៃ ស៊ីផាន ថ្លែងក្នុងនាមជាប្រជាពលរដ្ឋ ដែលកំពុងទទួលរងនូវការឈឺចាប់ចំពោះការមើលងាយរបស់បុគ្គលឥតពូជ ហុង លីម។

លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះទៀតថា «ខ្ញុំជឿជាក់ និងគោរពនូវវប្បធម៌របស់កម្ពុជា ជាមួយ និងច្បាប់កម្ពុជាដែលស្តីអំពីសេរីភាពក្នុង ការបញ្ចេញយោបល់។ ច្បាប់របស់កម្ពុជា បានចែងច្បាស់ណាស់ថា សិទ្ធិសេរីភាព ក្នុងការបញ្ចោញយោបល់ នៃជនគ្រប់រូប គឺមិនអនុញ្ញាតឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់អ្នកដទៃនោះឡើយ»

អាស្រ័យហេតុដូចនេះ លោក ផៃ ស៊ីផាន អះអាងថា ការលើកឡើងរបស់បុគ្គលឥតពូជ ហុង លីម គឺមិនឋិតនៅក្នុងបរិបទ នៃសិទ្ធិបញ្ចោញយោបល់នោះទេ ប៉ុន្តែវាគឺជាការវាយប្រហារ បន្ទាបបន្ថោកដល់កិតិ្តយសប្រជាជាតិខ្មែរ ដែលយើងមិនអាចទទួលយកបាន (It’s an humiliating, not freedom of expression) តួយ៉ាងដូចជា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងម៉ានីលថា «មនុស្សខ្ទើយ» រដ្ឋបាលក្រុងវ៉ាស៊ីនតោន បានកោះហៅតំណាងទូតហ្វីលីពីននៅទីនោះ ទៅសួរនាំ។ ក៏ដូចជានៅក្នុងពេលថ្មីៗនេះ សិទ្ធិសារព័ត៌មាននៃការបញ្ចេញយោបល់របស់ Turkey ដែលបាន លើកឡើងថា សហរដ្ឋអាមេរិក នៅពីក្រោយខ្នងនៃការធ្វើរដ្ឋប្រហារ ក៏ទទួលបានប្រតិកម្មពីសហរដ្ឋអាមេរិក ដែលមិនចាត់ទុកថា ជាសេរីភាព នៃការបញ្ចេញយោបល់ ដែលជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ។ បើទោះបីវប្បធម៌កម្ពុជា និងអូស្រ្តាលីខុសគ្នាយ៉ាងណាក៏ដោយតម្លៃ និងសេចក្តីថ្លៃថ្នូរ គឺប្រជាជាតិទាំងពីរគោរព និងលើកតម្កើងមិនមានសេចក្តីថា ការប្រមាថ ឬការមាក់ងាយជាឧត្តមគតិ នៃលទ្ធិប្រជាធិបតេយ្យនោះទេ៕