(ព្រៃវែង)៖ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោក ប៉ាវ សុធី ដែលទើបទទួលការតែងតាំង កាលពីពេលថ្មីៗនេះ បានចេញមកច្រានចោល ការរិះគន់ទាំងឡាយ ទៅលើរូបលោក ព្រមទាំងបង្ហាញពីប្រវត្តិការងារ ដែលមានរយះពេលយូរឆ្នាំ មកហើយ មិនមែនទើបចូលបម្រើការងារ រដ្ឋនោះឡើយ។

នៅថ្ងៃម្សិលមិញមានមន្រ្តីដែល បម្រើការងារនៅមន្ទីរអប់រំមួយនេះ បានទម្លាយប្រាប់ថា ពួកគេមិនពេញចិត្តចំពោះការតែងតាំង លោក ប៉ាវ សុធី ជាអនុប្រធានមន្ទីរ ពីព្រោះថា មន្រ្តីដែលខំធ្វើការ ជាយូរឆ្នាំមកហើយ ម្តេចមិនតែងតាំង បែរជាយកមន្រ្តីនៅអង្គភាពផ្សេងមកជំនួសទៅវិញ ឫមួយមន្រ្តីនៅមន្ទីរអប់រំ ទាំងឡាយនោះគ្មានសមត្ថភាពធ្វើការ?។

ថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ លោក ប៉ាវ សុធី បានបញ្ជាក់ថា តាមពិតរូបលោក ពីមុនជាអនុប្រធានមន្ទីរមុខងារសាធារណ: ហើយមកមន្ទីរអប់រំ ក៏ជាអនុប្រធានដដែល ហើយការវាយតម្លៃរបស់ថ្នាក់ដឹកនាំ បានធ្វើឡើងរហូតដល់១ខែ ទំរាំសម្រេចការតែងតាំងលោក ជាអនុប្រធានមន្ទីរនេះ។

លោកបានបន្តថា នៅពេលដែលទទួលការតែងតាំងនោះ គឺគ្មានការជំទាស់ពីថ្នាក់ដឹកនាំអង្គភាព និងមន្រ្តីនោះឡើយ។ លោក ប៉ាវ សុធី ក្រៅពីការងាររដ្ឋ លោកក៏ជាថ្នាក់ដឹកនាំស្នូល នៅសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែងផងដែរ ដែលបានធ្វើការយ៉ាងសកម្មបំផុត។

ថ្នាក់ដឹកនាំយុវជនខេត្តព្រៃវែង មួយចំនួន បានចេញមកការពារលោកប៉ាវ សុធី ដោយលើកឡើងពីហេតុផលដូចជា: លោក ប៉ាវ សុធី មានប្រវត្តិការងារជាច្រើន ទាក់ទងនឹងការអប់រំ បណ្តុះបណ្តាល និងមានសញ្ញាបត្រ័ផ្នែកអប់រំផងដែរ។

លោក ប៉ាវ សុធី ជាមន្ត្រីសកម្ម ធ្វើការមិនខ្លាចនឿយហត់ និងបានចូលរួមសកម្មភាពសង្គមជាច្រើនផងដែរ ហើយលោកបានលះបង់ពេលវេលាជាច្រើន ដើម្បីការងារសង្គម ដោយមានពេលតិចតួច សម្រាប់គ្រួសារប៉ុណ្ណោះ។