(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ ឥណ្ឌូនេស៊ី លោក Ryamizard Ryacudu បានស្នើសុំកិច្ចសហការជាមួយប្រទេសកម្ពុជា ដើម្បីធ្វើការទប់ស្កាត់ពួក ISIS។

ការស្នើរបស់លោក Ryamizard Ryacudu ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឲ្យលោក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦។

ក្នុងឱកាសនោះ លោក Ryamizard បានបញ្ជាក់ជូនសម្តេចតេជោ ហ៊ុន សែន អំពីចំណុចសំខាន់៣នៃកិច្ចសហការដែលត្រូវធ្វើ ១) ពង្រឹងនិងជំរុញការចុះ MOU ឲ្យបានឆាប់ ២) ការទប់ស្កាត់ ISIS និង ៣) ការត្រួតពិនិត្យដែនសមុទ្រ

លោកបានបញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ របស់ប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី គឺមានរយៈពេលជាង១០ឆ្នាំមកហើយ។ កន្លងទៅឥណ្ឌូនេស៊ីបានផ្តល់ជំនួយសម្ភារៈ និងបានជួយបណ្តុះបណ្តាលហ្វឹកហ្វឺន ដល់នាយទាហានពិសេសកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌូនេស៊ី ដែលបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការស្វែងរកសន្តិភាពសំរាប់ប្រទេសកម្ពុជា ក្នុងទស្សវត្សរ៍៨០ និងដើមទស្សវត្សរ៍៩០ ដោយសារពេលនោះ ប្រទេសឥណ្ឌូនេស៊ី គឺជាសហប្រធាននៃសន្និសីទ ទីក្រុងប៉ារីស រួមទាំងតួនាទីក្នុងការរក្សាសន្តិភាព អំឡុងសម័យអ៊ុនតាក់។

ក្រសួងការពារជាតិ នៃប្រទេសទាំងពីរនឹងចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នាបន្ថែមទៀត ដែលបើកឲ្យមានកិច្ចសហប្រតិបត្តិការ ទូលំទូលាយលើវិស័ការពារជាតិ៕