(ភ្នំពេញ)៖ បទចម្រៀង «ពាក់អាវមិនដែលឃើញដោះ» ត្រូវបានគណបក្សនយោបាយនៅកម្ពុជា យកមកប្រើប្រាស់យ៉ាងគគ្រឹកគគ្រេង រហូតដល់ល្បីមួយ​ប្រាវដូចភ្លើងចម្បើង ជាពិសេសនៅក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ​២០១៣ ដោយម្ខាងៗទាញហេតុផលពីអត្ថន័យនៃបទចម្រៀងរៀងៗខ្លួន ។

តាមរយៈចម្រៀងមួយបទនេះ គណបក្សប្រឆាំងបានលេបខាយឲ្យគណបក្សកាន់អំណាច ប្រៀបប្រដូចគណបក្សនេះទៅនឹង «ពាក់អាវមិនដែលឃើញដោះ» ដោយគ្រាន់តែយកវាមកចាក់តាមក្បាលមេក្រូ នៅតាមទីសាធារណៈ និងកនែ្លងឃោសនាបោះឆ្នោតនានា រីឯគណបក្សកាន់អំណាចក៏មិននៅស្ងៀមដែរ ដោយយកបទចម្រៀងមួយបទនេះមកចាក់ដូចគ្នា តែមានការពន្យល់ថា ហេតុអ្វីបានជាត្រូវពាក់អាវដដែលៗមួយនេះ។

តាមពិតទៅបទចម្រៀង «ពាក់អាវមិនដែលឃើញដោះ» ត្រូវបានខែ្មរសុរិន លោក ខុង ឃុយ (ឈ្មោះដើម ម៉ាន​ឆៃ ខុង) រស់នៅក្នុងខេត្តសុរិនរបស់ថៃ ជាខេត្តជាប់ព្រំប្រទល់ជាមួយខេត្តឧត្តរមានជ័យរបស់ខែ្មរ បាននិពន្ធបទនេះឡើងកាលពីមុនឆ្នាំ២០១៣ បន្ទាប់ពីលោកនឹកឃើញរឿងដើម កាលពីនៅវ័យសិក្សា លោកតែងជួបស្រ្តីម្នាក់អាយុជាង៣០ឆ្នាំ «ពាក់អាវដដែលៗ» ហើយក្រោយមកគាត់ក៏ស៊ើប​សួរទៅទើបដឹងថា នារីរូបនោះមានបញ្ហា «ផែ្នកសតិបញ្ញា»។

អ្នកចម្រៀង ខុង ឃុយ មាឌធំខ្ពស់ កើតឆ្នាំរោង (អាយុ៥២ឆ្នាំ) បាននិយាយថា នាពេលមួយនោះ លោកគិតដល់ការតែងនិពន្ធបទចម្រៀងថ្មីមួយ ហើយក៏នឹកភ្នកដល់រឿងរបស់ស្រ្តីម្នាក់ ដែលពាក់អាវដដែលៗមិនដែលឃើញដូរ ពេលនោះហើយដែលលោក ត្រូវគិតរកចំណងជើងដែលទាក់ទាញ រួចក៏សម្រេចយក «ពាក់អាវមិនដែលឃើញដោះ» ជាចំណងជើងបែបន័យលេបខាយផង និងចំផង។

គ្រាន់តែជួបគ្នាបានប្រហែលជា១នាទី ខ្ញុំក៏សង្កេតឃើញរួចទៅហើយថា ខុង ឃុយ ជាបុរសម្នាក់ដែលរួសរាយ ចូលចិត្តនិយាយលេងសប្បាយៗ និងប្រើពាក្យលេបខាយ ដើម្បីកុំឲ្យអ្នកសន្ទនាជាមួយធុញទ្រាន់ ។

អ្នកចម្រៀងរូបនេះបាននិយាយថា លោកពិតជាមិនបាននឹកស្មានដល់ថា បទចម្រៀង «ពាក់អាវមិនដែលឃើញដោះ» ក្នុងចំណោមបទចម្រៀងជិត២០ របស់លោក ត្រូវបានគេចាប់អារម្មណ៍ និងយកវាមកចាក់ស្តាប់នាពេលបោះឆ្នោតនៅស្រុកខែ្មរ ។ លោកមិនទោមនស្សអ្វីសោះឡើយ តែ​វា​ធ្វើឲ្យលោកកាន់តែសប្បាយចិត្តទៅវិញទេ។

តាមការអងេ្កតជាទូទៅបទចម្រៀងដែលបង្កប់ន័យនយោបាយដូចជា «លាស្រីទៅច្បាំង» មានការនិយមស្តាប់បានតែមួយរយៈខ្លី ឬក៏ចំនួនអ្នកចូលចិត្ត មានកំណត់ មិនដូចបទចម្រៀងដែលបង្កប់អត្ថន័យសេ្នហាសុទ្ធៗដូចជា «ស្រលាញ់បងដល់ឆ្អឹង សូមជាតួឯកក្នុងបេះដូងបងតែម្នាក់ ឬអ្នកគ្រូក្រមុំ» ជាដើម៕

ដោយ៖ លោក ពុយ គា