(ភ្នំពេញ)៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល រួមនិងនគរបាលចរាចរណ៍ផ្លូវគោក បានរួមគ្នាដាក់ចេញវិធានការថ្មី ជាមួយនឹងការអនុវត្តលើច្បាប់ឲ្យតឹងរឹងជាងសព្វមួយដង ដើម្បីជំរុញឲ្យក្រុមហ៊ុនដឹកជញ្ជូន រួមទាំងរថយន្តដឹកដី ដឹកខ្សាច់ គោរពច្បាប់ចរាចរណ៍ និងច្បាប់ដឹកជញ្ជូននៅកម្ពុជា ជាពិសេសកុំឲ្យរថយន្តដឹកដី ដឹកខ្សាច់បង្ហុយដី បង្ហូខ្សាច់តាមផ្លូវសាធារណៈបំផ្លាញសោភណភាពទីក្រុង និងធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរ។

បន្ទាប់ពីការបើកកិច្ចប្រជុំពិភាក្សារួមគ្នាដឹកនាំដោយទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូនអស់ជាច្រើនម៉ោងនៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ វិធានការសំខាន់ៗ ចំនួន៣ ត្រូវបានដាក់ចេញ ដោយរំពឹងថា នឹងជំរុញឲ្យក្រុមហ៊ុនដឹកជញ្ជូន និង អ្នករកស៊ីដឹកដី ដឹកខ្សាច់ ដឹកថ្មជាដើម ចូលរួមគោរពច្បាប់ចរាចរណ៍ ច្បាប់ដឹកជញ្ជូន ហើយរថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម នឹងមានការគ្របឲ្យបានត្រឹមត្រូវ មិនបង្ហុយដី បង្ហូខ្សាច់នៅតាមផ្លូវ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្រោយបញ្ចប់កិច្ចពិភាក្សាថា វិធានការទាំង៣ ដែលក្រសួងបានឯកភាពគ្នាអនុវត្តជាជំហ៊ានដំបូងនេះរួមមាន៖ ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ទៅក្រុមហ៊ុន និងអ្នករកស៊ីដឹកជញ្ជូន, មន្រ្តីជញ្ជីងចល័ត សហការជាមួយមន្រ្តីនគរបាលឆ្មក់ចូលទៅថ្លឹង និងពិនិត្យទំនិញនៅតាមរថយន្តដឹកជញ្ជូននានា ដោយមិនឲ្យអ្នកដឹកជញ្ជូនដឹងជាមុននោះឡើយ ហើយវិធានការមួយទៀតនោះ ក្រសួងនឹងរៀបចំកែអនុក្រឹត្យ អនុញ្ញាតឲ្យមន្រ្តីនគរបាលអាចទៅឈរជើងជាមួយមន្រ្តីជញ្ជីងអច ល័តតាមស្ថានីយជញ្ជីងថ្លឹងនានា ដើម្បីឲ្យមន្រ្តីនគរបាលពិនិត្យ និងផាកពិន័យរថយន្តមិនគោរពតាមលក្ខខណ្ឌច្បាប់ចរាចរណ៍ស្របគ្នា តែម្តង។

លោករដ្ឋមន្រ្តី បានពន្យល់លំអិតទៅលើវិធានការទាំង៣នេះថា៖

វិធានការទី១. មន្រ្តីនឹងធ្វើការផ្សព្វផ្សាយ ណែនាំទៅក្រុមហ៊ុនដឹកជញ្ជូនទាំងអស់លើមាត្រាមួយចំនួនទាក់ទងការដឹកទំនិញសំពោងសំពាយ មានមាត្រា៥៦,៥៧ ច្បាប់ចរាចរណ៍ និងមាត្រា៦៧ លើច្បាប់ផ្លូវថ្នល់ ដែលបានចែងច្បាស់ណាស់ថា ជនណាធ្វើឲ្យផ្លូវហ្នឹងវាស្អិត ធ្វើផ្លូវហ្នឹងរអិលត្រូវមានការផាកពិន័យ ហើយណែនាំ និងបញ្ជាក់ឲ្យច្បាស់ពីមាត្រានីមួយៗ នៃច្បាប់ចរាចរណ៍ និងច្បាប់ផ្លូវថ្នល់ រួមជាមួយសរាចរណ៍ណែនាំរបស់ក្រសួងរ៉ែ និងថាមពល ក្នុងការដឹកជញ្ជូនធនធានរ៉ែ។

វិធានការទី២. ក្រុមជញ្ជីងចល័ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសហការជាមួយនគរបាលទៅឆ្មក់ទៅហៅឡានមកថ្លឹង ដើម្បីពិនិត្យមើលលើកទម្ងន់កំណត់ ឬអត់? ពេលជាមួយគ្នានោះ ខាងនគរបាល ក៏មើលទៀតថា តើឡានដឹកទំនិញនោះខុសនឹងច្បាប់ចរាចរណ៍អីខ្លះ បើដឹកសំពីងសំពោងខុសនឹងច្បាប់ ក៏ខាងនគរបាលអាចផាកពិន័យបានដែរ ឬយ៉ាងណា។

វិធានការទី៣. នៅតាមស្ថានីយជញ្ជីងថ្លឹងអចល័ត ក៏ដូចជាចល័តថ្ងៃក្រោយយើងអាចដូរអនុក្រឹត្យ ដើម្បីឲ្យមន្រ្តីនគរបាល ដែលចូលរួមសហការជាមួយគណៈកម្មការជញ្ជីងនេះ លោកមានភារកិច្ចជាមន្រ្តីនគរបាលចរាចរណ៍ ដែលមានសិទ្ធិផាកពិន័យគ្រប់ការល្មើសច្បាប់ចរាចរណ៍ទាំងស្រុងតែម្តង។

បើទោះបីជាយ៉ាងណា លោក ស៊ុន ចាន់ថុល បានថ្លែងថា វិធានការ នៃការផាកពិន័យមិនមែនជាការចង់បានរបស់ក្រសួងនោះឡើយ អ្វី ដែលក្រសួងចង់បាន គឺចង់ឲ្យក្រុមហ៊ុនដឹកជញ្ជូនចូលរួមគោរពច្បាប់ទាំងអស់គ្នា។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា «យើងខ្ញុំមិនចង់បានការផាកពិន័យទេ យើងខ្ញុំចង់បានឲ្យបងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុនដឹកជញ្ជូននេះ លោកគោរពច្បាប់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែររក្សាទ្រព្យសម្បត្តិរបស់ជាតិយើងផង ថែរក្សាសណ្តាប់ធ្នាប់ក្នុងការដឹកអ្នកដំណើរ កុំឲ្យរអិលផ្លូវ ដឹកខ្សាច់ហូរប៉ប៉េចប៉ប៉ាច់យើងជិះពីក្រោយហ្នឹង ខូចបរិស្ថាន ខូចផ្លូវយើង មុខមាត់ប្រទេសជាតិយើងយកទៅណាភ្ញៀវទេសចរគេមកលេងស្រុកយើង ឃើញផ្លូវឯងហ៊ុយទ្រលោម ដីស្អិតពេញផ្លូវ ដោយសារដឹកដី ដឹកខ្សាច់មិនបានគ្រប និងវេចខ្ចប់ឲ្យបានត្រឹមត្រូវ»

«ដូច្នេះទី១ យើងចង់ជំរុញផ្សព្វផ្សាយអប់រំបងប្អូនប្រជាពលរដ្ឋរបស់យើង ជាពិសេសក្រុមហ៊ុនដឹកដី ដឹកខ្សាច់ឲ្យគោរពច្បាប់ចរាចរណ៍ ច្បាប់ផ្លូវថ្នល់របស់យើង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល។    

បើតាមលោកទេសរដ្ឋមន្រ្តីវិធានការ ដែលបានលើកឡើងខាងលើ នឹងចាប់ផ្តើមអនុវត្តន៍ក្នុងពេលឆាប់ៗខាងមុខនេះ។ លោកក៏បានស្នើឲ្យ ប្រព័ន្ធផ្សព្វផ្សាយចូលរួមជួយផ្សព្វផ្សាយនូវផែនការរបស់ក្រសួងនេះឲ្យបានទូលំទូលាយផងដែរ៕