(ភ្នំពេញ)៖ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News នៅមុននេះនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះថា «តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនដីកាកោះលើកទី២ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ទៅជនជាប់សង្ស័យឈ្មោះ ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី នៅពេលដែលជនជាប់សង្ស័យរូបនេះ មិនចូលខ្លួននៅកាល បរិច្ឆេទកោះហៅលើកទី១»។ លោកបានបន្តទៀតថា នៅពេលនេះមេធាវីការពារក្តីបានទទួលដីកានេះរួចហើយ។

លោកមេធាវី សំ សុគង់ បញ្ជាក់ថា លោក លី សុផាណា បានកោះហៅជាលើកទី២ឲ្យលោក ស្រី ថាក់ ឡានី ចូលបំភ្លឺនៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១៧ ខែសីហា ខាងមុខនេះ ។ លោកមេធាវី បន្តថា រហូតមកទល់ពេលនេះ ពុំទាន់អាចបញ្ជាក់បានថា លោកស្រី ថាក់ ឡានី នឹងចូលបំភ្លឺឬយ៉ាងណានៅឡើយទេដោយរង់ចាំពិភាក្សាជាមួយកូនក្តីសិន។

សូមបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ បានច្រានចូលនូវសំណើ មេធាវីរបស់ លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ី រឿងពន្យារពេលចូលបំភ្លឺមុខតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង២៖០០រសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ។ នេះបើតាម លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។

លោក លី សុផាណា បានឱ្យដឹងថា «ជនជាប់សង្ស័យឈ្មោះ ថាក់ ឡានី មិនបានចូលខ្លួនដើម្បីអោយតំណាងអយ្យការស្តាប់ចម្លើយលើ បណ្តឹងរបស់លោកមេធាវី គី តិច នៅក្នុងសំណុំរឿងលេខ ៣៦៥៤ ចុះថ្ងៃទី ០១ សីហា ២០១៦ នៅរសៀលថ្ងៃនេះទេហើយតំណាង អយ្យការមិនអនុញ្ញាតលើការស្នើសុំពន្យារពេលស្តាប់ចម្លើយរបស់ មេធាវី សំ សុគង់ ដោយសារ ការស្នើសុំពន្យារពេលនេះមិនមាន មូលដ្ឋានគតិយុត្តិ និងមិនមានមូលហេតុរបស់សាមីខ្លួនច្បាស់លាស់»

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែសីហា បានចេញដីកាកោះហៅ លោកស្រី ថាក់ ឡានី ឲ្យចូលមកបំភ្លឺនៅថ្ងៃ ទី០៨ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង២រសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ, ចំណែកលោក សម រង្ស៊ី ចូលបំភ្លឺថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៨៖៣០នាទីព្រឹក ពាក់ព័ន្ធនឹងការចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលថា ជាអ្នកនៅពីក្រោយ នៃការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី។

លោកស្រី ថាក់ ឡានី និងលោក សម រង្ស៊ី ត្រូវបានប្តឹងដោយសម្តេចតេជោ ហ៊ុន សែន តាមរយៈមេធាវី គី តិច កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ដោយទាមទារសំណងចំនួន១០០រៀល៕