(កង់បេរ៉ា)៖ រយៈពេលពីរឆ្នាំមកហើយ ដែលក្រុមជំនាញរបស់ប្រទេសអូស្ត្រាលី បានបំពេញប្រតិបត្តិការស្វែងរក យន្តហោះម៉ាឡេស៊ី MH370 នៅក្នុងទឹកសមុទ្រមានក្រឡាផ្ទៃ ១១០,០០០ គីឡូម៉ែត្រ ប៉ុន្តែកន្លងមកគេពុំអាចទទួល បានតំរុយដ៏គួរឲ្យចាប់អារម្មណ៍អ្វីសោះ ទើបទីភ្នាក់ងារនៃកិច្ចសហប្រតិបត្តិការរួមអូស្ត្រាលី (JACC) បានសម្រេច បញ្ឈប់បេសកកម្មនេះតែម្តង។ នេះបើតាមស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី១០ ខែសីហា។

ទីភ្នាក់ងារ JACC បានប្រាប់ឲ្យដឹងទៀតថា ប្រតិបត្តិការស្វែងរក MH370 ត្រូវបានសម្រេចឲ្យបិទនៅថ្ងៃពុធនេះតែម្តង បន្ទាប់ពីពុំបានរកឃើញអ្វីទាំងអស់នៅក្នុងតំបន់ ដែលគេកំណត់ថាយន្តហោះអាចធ្លាក់ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ កន្លងមកនោះ។ ក្រោយទទួលបទបញ្ជានេះ ក្រុមនាវារុករកឈ្មោះ Fugro Discovery នឹងចាកចេញពី មហាសមុទ្រឥណ្ឌាត្រឡប់មកប្រទេសអូស្ត្រាលីវិញ នាព្រឹកថ្ងៃព្រហស្បតិ៍ស្អែកនេះ ក្រោយពីបានបំពេញភារកិច្ចចាប់តាំងពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤។

យ៉ាងណាក៏ដោយ JACC បានបញ្ជាក់ថា វាគ្រាន់តែជាបញ្ឈប់ប្រតិបត្តិការរុករកនៅតំបន់ដែនទឹកទំហំ ១១០,០០០ គីឡូម៉ែត្រក្រឡា ដែលក្រុមជំនាញបានកំណត់កាលពីពីរឆ្នាំមុននេះប៉ុណ្ណោះ ដោយមិនមែនមានន័យថា ការរុករក MH370 នឹងត្រូវបោះបង់ចោលទាំងស្រុងនោះឡើយ។ JACC នឹងបន្តការរុករកយន្តហោះ Boeing 777 នោះទៀត ប្រសិនបើតំរុយថ្មីត្រូវបានរកឃើញ។ MH370 បានបាត់ដំណឹងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយមនុស្ស ជិះនៅលើនោះទាំងអស់ ២៣៩នាក់ ដែលវាបានក្លាយជាអាថ៌កំបាំង ធំជាងគេបំផុតសម្រាប់ប្រវត្តិសាស្ត្រនៃ វិស័យអាកាសចរណ៍របស់អន្តរជាតិ៕