(ភ្នំពេញ)៖ យុវជនកំហូចម្នាក់ដែល បានរត់ទៅប្ដឹងនគរបាលប៉ុស្ដិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យថា ត្រូវក្រុមចោរប្រដាប់អាវុធ៤នាក់ ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ កាលពី៣ថ្ងៃមុននោះ ឥឡូវបានបែកធ្លាយពីគំនិតអាក្រក់របស់ខ្លួនហើយ ពោលគ្មានសកម្មភាពប្លន់ណាមួយកើតឡើងនោះឡើយ។

ការប្រឌិតរឿងប្លន់ ដែលធ្វើកម្លាំងសមត្ថកិច្ចផ្អើល តាមស្រាវជ្រាវយ៉ាងខ្លាំងនោះ គឺមកពីជននេះចាញ់ល្បែង និងខាតបង់ក្នុងការរកស៊ីនៅតាមប្រព័ន្ធអនឡាញ អស់លុយពីខ្លួន ក៏បានយកម៉ូតូទៅលក់ យកលុយ ហើយដើម្បីកុំឲ្យមានការស្ដីបន្ទោសពីម្ដាយរបស់ខ្លួន ទើបប្រឌិតរឿងចោរប្លន់ម៉ូតូនេះឡើងតែម្តងទៅ។ ប៉ុន្តែអ្វីដែលជាទង្វើអាក្រក់បែបនេះ មិនអាចលាក់បាំង និងភ្នែកសមត្ថកិច្ច នគរបាលបានឡើយ ទីបំផុតត្រូវរកឃើញពីល្បិចកលនោះ ហើយរូបគេក៏បានក្លាយខ្លួនជាអ្នកទោសប្រឈមមុខ និងផ្លូវច្បាប់ទៀតផងពីបទបង្កភាពចលាចលនៅក្នុងសង្គម។

នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាលក្រោមការដឹកនាំដោយលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ និងមានការសម្របសម្រួលពីលោក សង ហ៊ាង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខជនកំហូច ដើម្បីឲ្យសាធារណជនបានដឹង។

លោកអធិការ បានថ្លែងឲ្យដឹងថា ជនកំហូចនោះឈ្មោះ រីតា ពណ្ណារាយ អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ រូបគេបានប្រឌិតរឿងថា ខ្លួនត្រូវចោរប្រដាប់អាវុធ មានគ្នា៤នាក់ជិះ ម៉ូតូ២គ្រឿង និងអាវុធខ្លី២ដើម ភ្ជង់ប្លន់យកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី២០១០ ពាក់ស្លាកលេខភ្នំពេញ 1AY-4444 ខណៈដែលកំពុងជិះម៉ូតូ ចេញពីកន្លែងធ្វើការ ឆ្ពោះទៅផ្ទះវិញ កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ ដល់ត្រង់ចំណុចជិតវត្តអង្គតាម៉ិញ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន។

លោកអធិការបានបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងថា មានចោរប្លន់បែបនេះ កម្លាំងរបស់លោកបានចេញអន្តរាគមន៍ភ្លាមៗ ប៉ុន្តែរកចោរមិនឃើញនោះឡើយ លុះដល់ថ្ងៃទី៨ ខែសីហា ក៏បានឈានដល់ការឃាត់ខ្លួន ជនសង្ស័យពាក់ព័ន្ធទទួលផលចោរកម្មទាំង២នាក់ គឺ១,ឈ្មោះហុង វណ្ណា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរទិញលក់ម៉ូតូនៅតាមផ្លូវស្នាក់នៅផ្ទះ១១ផ្លូវ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា និងទី២ឈ្មោះ សុងសុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរទិញលក់ម៉ូតូ ស្នាក់នៅផ្ទះលេខ៤៨៥ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយបានដកហូតបានម៉ូតូមកវិញពី កុងស៊ីបញ្ចាំម៉ូតូ ប្រាក់ម៉ាលី ស្ថិតនៅម្ដុំផ្សារឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

ក្រោយមកបាននាំទៅសាកសួរ ទើបដឹងថា អ្នកទាំងនោះជាជនរងគ្រោះដែរ ដោយពួកគាត់ បានទទួលទិញម៉ូតូនោះមានឯកសារ និងលេខទូរស័ព្ទ ត្រឹមត្រូវពីឈ្មោះ រីតា ពណ្ណារាយ ទើបលោកបញ្ជាឲ្យកម្លាំង ឃាត់ខ្លួនម្ចាស់ម៉ូតូដែលដាក់ពាក្យប្ដឹងនោះសាកសួរ ហើយក៏បានធ្លាយរឿងពិតថា ខ្លួនយកម៉ូតូទៅលក់ ព្រោះតែចាញ់ល្បែង និងការរកស៊ី លក់ផលិតផលថ្នាំដុសធ្មេញ តាមប្រព័ន្ធអនឡាញមានការខាតបង់ ហើយខ្លាចម្ដាយស្ដីបន្ទោស ទើបប្រឌិតរឿងថាត្រូវចោរប្លន់បែបនេះ៕