(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៅដើមសប្ដាហ៍នេះ បាន​ប្រគល់​ម៉ាស៊ីនថតចម្លងស៊េរីទំនើបខ្នាតធំ ប្រភេទ 4-Fuction Photocopy Machines ចំនួន១០គ្រឿង មានមុខងារប្រតិបត្ដិការ៤យ៉ាង​ ជូនដល់អង្គភាពចំណុះបណ្ឌិត្យសភានគរបាលកម្ពុជា​ ១០អង្គភាព។

នាយឧត្តមសេនីយ៍ បានឲ្យដឹងថា ម៉ាស៊ីនថតចម្លងទាំងនេះ គឺជាអំណោយ​របស់លោក ស សុខា ចំនួន​៧គ្រឿង លោក គីម រិទ្ធី ១គ្រឿង និង​លោក ស រដ្ឋា ២គ្រឿង ជូនដល់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងឱកាសដែល លោកទាំងបីរូប បានចូលរួមជាវាគ្មិនកិត្ដិយសធ្វើបាឋកថា ចែករំលែកបទពិសោធន៍ ជូនដល់និស្សិត-សិក្ខាកាម នៃបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ។

ក្នុងឱកាសនោះ ជំនួសមុខឲ្យថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និស្សិត-សិក្ខាកាមទាំងអស់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ​នាយឧត្តមសេនីយ៍ សេង ផល្លី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ហ៊ុន ម៉ានិត លោក ស សុខា លោក គីម រិទ្ធី និង លោកស រដ្ឋា ដែលបានផ្ដល់ការគាំទ្រ និងកោតសរសើរចំពោះការរីកចម្រើន របស់បណ្ឌិត្យសភានគរបាលកម្ពុជា នាពេលបច្ចុប្បន្ន និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍទៅថ្ងៃអនាគត។ នាយឧត្តមសេនីយ៍ បន្ថែមថា ​ជាមួយនឹងការគាំទ្រ ព្រមទាំងកោតសរសើរនេះ លោកវាគ្មិនទាំងអស់ សុទ្ធតែបានឧបត្ថម្ភនូវសម្ភារបរិក្ខា ​ឯកសារសម្រាប់សិក្សាស្រាវជ្រាវមួយចំនួន ផងដែរ៕