(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងលោក ឃឹម ប៊ុនសុង ​អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ​បាននាំគ្រូពេទ្យមនុស្សធម៌ទៅពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ១,២០០នាក់ រស់នៅស្រុកជីក្រែង ខេត្តសៀមរាប ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ។ ពិធីនេះត្រូវបានធ្វើឡើង ដោយមាន​កិច្ចសហការជាមួយ លោកស្រីឧកញ៉ា លឹម ឈាវហួរ ប្រធានអង្គការពន្លឺអភិវឌ្ឍដើម្បីជនក្រីក្រ និងក្រុមវិជ្ជបណ្ឌិត ក្រុមអ្នកស្ម័គ្រចិត្ត នៃសមាគមទឹកចិត្តសប្បុរស ប៉ាយសួយឡាវយិន ប្រហែល២០០នាក់ ផងដែរ។

លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង បានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ នឹងពិនិត្យព្យាបាលជូនបងប្អូន ដោយមិនគិតថ្លៃនៅស្រុកជីក្រែង ខេត្តសៀមរាប ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែសីហានេះ។ ក្នុងនោះដែរ លោកស្រី បានជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋ មកទទួលការពិនិត្យ និងព្យាបាលជំងឺជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ព្រមទាំងបានណែនាំឲ្យកងកម្លាំង រក្សាសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។

បន្ថែមពីនេះ ​លោកស្រី ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទៅនោះផងដែរ។ ជាមួយគ្នានេះដែរ លោកស្រី បានសម្ដែងនូវការថ្លែងអំណរអគុណចំពោះលោកស្រីឧកញ៉ា ប្រធានអង្គការពន្លឺអភិវឌ្ឍដើម្បីជនក្រីក្រ និងសប្បុរសជនទាំងអស់ ដែលជ្រើសរើសយកខេត្តសៀមរាប ជាទីតាំងដើម្បីធ្វើការពិនិត្យ និងព្យាលបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ដោយយកចិត្តទុក្ខដាក់ ព្រមទាំងគាំទ្រដល់សកម្មភាពមនុស្សធម៌ ក្នុងបុព្វហេតុភាពសុខសាន្ត សុភមង្គល ដោយមិនមានប្រកាន់ពណ៌សម្បុរ ជំនឿសាសនា ឫនិន្នាការនយោបាយអ្វី ឡើយ៕